នារីម្នាក់ ជិះម៉ូតូប៉ះខឿនស្ពានបណ្តាលឱ្យដួល ត្រូវរថយន្តកិនស្លាប់ភ្លាមៗ នៅលើស្ពានព្រែកព្នៅ
ភ្នំពេញ៖ នារីម្នាក់ ជិះម៉ូតូម៉ាកឃ្លីកមួយគ្រឿងប៉ះខឿនស្ពានថ្មើរជើង បណ្តាលឱ្យរេចង្កូតក្រឡាច់ដួលត្រូវរថយន្តកិនស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩ និង៤០នាទីព្រឹក ថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ នៅចំណុចគល់ស្ពាព្រែកព្នៅខាងកើត ស្ថិតក្នុងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សពរងគ្រោះ ឈ្មោះ ខុន ចាន់ម៉ាខែ ភេទស្រី អាយុ ២២ឆ្នាំ មានទីលំនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។ ចំណែកឯតៃកុងរថយន្ត ឈ្មោះ ផុង សុភ័ណ្ឌ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅភូមិបាក់ខែង សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។ មានស្រុកកំណើតភូមិក្រញូង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង។
បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញនារីម្នាក់ ជិះម៉ូតូម៉ាកហុងដាប៊ិតមួយគ្រឿង ពណ៌ក្រហមលាយស ពាក់ស្លាកលេខ ភ្នំពេញ 1IB-9509 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតឡើងលើស្ពានព្រែកព្នៅ ខណៈមកដល់ចំណុចកើតហេតុខាងលើ ក៏បានប៉ះជាមួយខឿនថ្មើរជើងស្ពានព្រែកព្នៅ បណ្ដាលឱ្យរេចង្កូតដួល ស្រាប់តែមានរថយន្តបែនដឹកដីសណ្តោងធុនធំមួយគ្រឿងទៀត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7684 បើកបរដោយបុរសម្នាក់ ដែលធ្វើដំណើរស្របទិសគ្នារួចកិន បណ្ដាលឲ្យនារីម្នាក់ស្លាប់នៅនឹងកន្លែងភ្លាមៗតែម្ដង។ ហើយភ្លាមៗនោះ សមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចធ្វើការឃាត់ខ្លួនតៃកុងរថយន្ត ដើម្បីយកទៅសាកសួរនាំបន្ត។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកឱ្យចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង២គ្រឿង យកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ ចំណែកឯ សពសមត្ថកិច្ចធ្វើការកំណត់ហេតុរួចរាល់ប្រគល់ជូនឱ្យក្រុមគ្រួសារសាច់ញាតិយកសពទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ/ ឆៃហួត