សហរដ្ឋអាមរិកផ្តល់ជំនួយជាង៨៧ម៉ឺនដុល្លារដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការនិងឆ្លើយតបនឹងគ្រោះអាសន្ន
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយជាង៨៧ម៉ឺនដុល្លារចំពោះកម្ពុជាដែលជាជំនួយដើម្បីពង្រឹងលទ្ធភាពត្រៀម បង្ការនិងឆ្លើយតបនឹងគ្រោះអាសន្ន។ ជំនួយនោះ បានផ្តល់តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិរបស់សហរដ្ឋអាមេរិក USAID បានប្រកាសនៅថ្ងៃទី១មេសានូវការផ្តល់ជំនួយ ៨៧ ម៉ឺន៥ពាន់ដុល្លារបន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការនិងឆ្លើយតបចំពោះ គ្រោះមហន្តរាយធម្មជាតិនិងវិបត្ដិនានានៅកម្ពុជា។ ឯកអគ្គរដ្ឋទូតអាមេរិក លោក Patrick Murphy បានថ្លែងថា ការបំផ្លិចបំផ្លាញបង្កឡើងដោយទឹកជំនន់ឆ្នាំមុនបានបង្ហាញពីភាពចាំបាច់ក្នុងការត្រៀមខ្លួនដោះស្រាយទៅលើ ផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិ។ លោក Patrick Murphy បន្តថា សហរដ្ឋអាមេរិក មានមោទនភាពក្នុង ការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិទាំងនោះនៅកម្ពុជា៕