អ្នកជំនាញ ៖ «យើងនាំគ្នាទិញផលិតផលក្នុងស្រុកយើង ដើម្បីស្រុកយើងរុងរឿង»

ភ្នំពេញ ៖ ការគាំទ្រនូវផលិតផលក្នុងស្រុកគឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញឱ្យកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជាលើកកម្ពស់កម្រិតជីវភាពគ្រួសារ​របស់ប្រជាជនខ្មែរមានការភាពរីកចម្រើនរុងរឿងយ៉ាងប្រសើរ ខណៈដែលទាំងគុណភាព ទាំងអនាម័យ និងគុណតម្លៃនៃផលិតផលភាគច្រើនមានលទ្ធភាព​គ្រប់គ្រាន់​ក្នុងការប្រកួតប្រជែងនៅលើទីផ្សារមិនចាញ់ផលិតផលដែលនាំចូលមកពីក្រៅប្រទេសនោះឡើយ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍ប្រាប់ AMS ថា ការគាំទ្រនូវរាល់ផលិតខ្មែរដែលជាផលិតផលក្នុងស្រុក គឺជា​ការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយទ្រទ្រង់នូវកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អប្រសើរ ហើយវាក៏ជាចលនាជាតិនិយមផងដែរ។

លោកឧកញ៉ាបន្តថា «ចាប់តាំងពីដើមឆ្នាំ2020 កន្លងមកនេះយើងឃើញថា ការគាំទ្រនូវរាល់ផលិតផលខ្មែរដែលជាផលិតផលក្នុងស្រុកនេះ ការគាំទ្រមាន​ការ​កើន​ឡើងគួរឱ្យកត់សម្គាល់ ដែលក្នុងនោះរាប់ទាំងផលិតផលសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាផលិតផលផ្នែកចំណីអាហារផងដែរ»។

រូបភាព ៖ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា

លោកឧកញ៉ាបន្តថា «យើងទទួលស្គាល់ថា កាលពីមុនផលិតផលក្នុងស្រុកភាគច្រើនដែលជាការផលិតដោយសហគ្រាស់ធុនតូច និងមធ្យម នៅតាម​មូលដ្ឋាន​មិន​សូវទទួលបានការគាំទ្រពីប្រជាជនខ្មែរនោះទេ។ ប៉ុន្តែបច្ចុប្បន្ននិន្នាការបានផ្លាស់ប្ដូរ បន្ទាប់ពីសិប្បករ សហគ្រិនដែលជាអ្នកផលិតបានយក​ចិត្ត​ទុក​ដាក់ក្នុងបង្កើនគុណភាព អនាម័យ និងការវេចខ្ចប់បានល្អជាងមុន ហើយអ្វីដែលសំខាន់គឺអនាម័យ និងគុណភាពអាចប្រ​កួតប្រជែងជាមួយបណ្តា​ផលិតផល​មួយចំនួនដែលនាំចូលមកពីក្រៅស្រុកបាន»។

លោកឧកញ៉ា លឹម ហេង បានមានប្រសាសន៍សង្កត់ធ្ងន់ថា នៅពេលដែលប្រជាជនខ្មែរមានការគាំទ្រទៅលើរាល់ផលិតផលក្នុងស្រុងរបស់ខ្មែរ មានន័យថា ប្រជាជនខ្មែរកំពុងតែមានការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចឱ្យមានកាន់តែមានភាពរឹងមាំ។ មានន័យថា ប្រជាជនខ្មែរជួយសង្គមជាតិខ្មែរ។

លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា បានមានប្រសាសន៍ឱ្យដឹងផងដែរថា លោកទទួលស្គាល់ថាកាល​ពីពេល​កន្លង​ទៅ​ការប្រកួត​ប្រជែងរវាងការផលិត និងវេចខ្ចប់របស់សហគ្រាសក្នុងស្រុកនៅមានកម្រិតបើប្រៀបធៀបជាមួយនឹងផលិតផលក្រៅស្រុក ប៉ុន្តែបច្ចុប្បន្ន ដោយ​សារការវិឌ្ឍផ្នែកចំណេះដឹង បច្ចេកទេសដែលបានសិក្សា​ និងចម្លងពីបណ្តាក្រុមហ៊ុនបរទេស ពេលនេះមានការប្រែប្រួល និងល្អប្រសើរច្រើនដែលអាចទទួល​យកបាន។

លោកឧកញ៉ាបញ្ជាក់ថា «នៅពេលដែលបងប្អូនប្រជាជនខ្មែរគាំទ្រផលិតផលរបស់ខ្មែរ ដែលជាផលិតផលនៅក្នុងស្រុកវាគឺជាការបង្កើននូវកម្លាំងចិត្តដល់អ្នកផ​លិត ដែលក្នុងនោះរាប់ទាំងអ្នកផលិតនៅក្នុងវិស័យឧស្សាហកម្ម កសិឧស្សាហកម្ម ផ្នែកកសិកម្មនៃការដាំដុះដូចជាបន្លែ ផ្លែឈើ និងការចិញ្ចឹមសត្វជា​ដើម។ នៅពេលដែលមានការគាំទ្រ មានតម្រូវការទីផ្សារខ្ពស់ ពួកគាត់នឹងកាន់តែមានកម្លាំងចិត្ត មានទំនុកចិត្តខ្ពស់ក្នុងការផលិតប្រកបដោយគុណភាពដើម្បីផ្គត់ផ្គង់​ទីផ្សារក្នុងស្រុក និងអាចឈានទៅដល់ការនាំចេញទៅកាន់ទីផ្សារក្រៅស្រុកបន្ថែមទៀត»។

រូបភាព ៖ លោកឧកញ៉ា ឃាង ពុទ្ធី អនុប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា

លោកឧកញ៉ា ឃាង ពុទ្ធី បានមានប្រសាសន៍ប្រាប់បន្ថែមថា «បើប្រជាជនខ្មែរភាគច្រើនចូលរួមគាំទ្រនោះផលិតផលខ្មែរនឹងមានតមុំ្ល។ ខ្ញុំលើក​ឧទាហរណ៍​ជាក់ស្ដែងថា ផ្លែស្វាយដែលកំពុងជួបកង្វះទីផ្សារនៅពេលបច្ចុប្បន្នរហូតមានកសិករខ្លះបង្ខំចិត្តចាក់ចោល ប៉ុន្តែបើមានការគាំទ្រទៅលើផលិតផលផ្លៃស្វាយ​កែច្នៃ ក្រោយការបណ្តាក់ទុនវិនិយោគទៅលើផ្លែស្វាយ ដូចជាទឹកផ្លែស្វាយ ដំណាប់ស្វាយ ឬផលិតផលស្វាយដទៃទៀត ខ្ញុំគិតថា កសិករលែងចាក់ចោល​ផ្លែ​ស្វាយ​ទៀតហើយ ព្រោះផ្លែស្វាយមានតម្លៃ»។

លោកឧកញ៉ាបញ្ជាក់ថា នៅពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរមានការគាំទ្រផលិតផលក្នុងស្រុក​គឺបានផ្តល់ផលចំណេញ​ជា​ច្រើន​ក្នុង​ពេល​តែមួយ ដូចជាបាន​ចូលរួម​ក្នុង​ការ​បង្កើនលើកកម្ពស់ និងធ្វើពិពិធកម្មការផលិតក្នុងស្រុក ផ្តល់ចំណូលដល់ប្រទេសជាតិតាមរយៈការបង់​ពន្ធរបស់​អ្នក​ផលិត និងអ្នកលក់នៅ​លើទីផ្សារ បានផ្តល់ការងារជូនប្រជាពលរដ្ឋក្នុងស្រុកកាត់បន្ថយចំណាកស្រុក​ ជាពិសេសអាចចូលរួមកាត់បន្ថយការនាំចូលពីក្រៅស្រុក ដែលធ្វើឱ្យទីផ្សារ​ផលិតផលក្នុងស្រុកមានភាពទូលំទូលាយថែមទៀត៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner