ក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ លេចធ្លោជាងគេ ក្នុងការបណ្តុះបណ្តាលធនធានគុនខ្មែរ
នៅព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នមានក្លិបប្រដាល់គុនខ្មែរជិត១០០ ប៉ុន្តែក្លិបគុនខ្មែរ ដែលបណ្តុះបណ្តាលធនធានកីឡាករល្អៗ និងលេចធ្លោជាង ជាមួយនឹងការបង្ហាញខ្លួនលើសង្វៀនតាមបណ្តាទូរទស្សន៍នានា គឺមានចំនួនមិនដល់២០ក្លិបនោះទេ ពោលក្នុងចំណោមក្លិបល្អៗ គេសង្កេតឃើញថាក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ ចំណុះឲ្យសមាគមន៍កីឡាកងយោធពលខេរភូមិន្ទ ល្អជាងគេ និងមានកីឡាករពោរពេញដោយសមត្ថភាព និងទេពកោសល្យ ដែលមានលោក ហង្ស សឿន ជាគ្រូបង្វឹក និងជាអ្នកគ្រប់គ្រង នៅបន្តរក្សាកេរ្តិ៍ឈ្មោះមកដល់បច្ចុប្បន្ន ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ១៩៩៧មកម្ល៉េះ មានរយៈពេល២៤ឆ្នាំមកហើយ ។
ថ្លែងប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅក្នុងពហុកីឡាដ្ឋានជាតិ កាលពីពេលថ្មីៗនេះ លោក ហង្ស សឿន រៀបរាប់ថា បច្ចុប្បន្នក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ មានទីតាំង ស្ថិតនៅភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ មានកីឡាករហ្វឹកហាត់ជាប់លាប់ប្រមាណជា២៦នាក់ ទទួលបានការឧបត្ថម្ភហូបចុក ស្នាក់នៅ ពីឯ ឧ ចាប ភក្តី និងបានផ្តល់ក្របខ័ណ្ឌផងដែរ ដូចជា កីឡាករ ឡៅ ចន្រ្ទា ឡៅ ចិត្រា ខេម ចាន់ និងកីឡាករ វេង សុភ័ក្កជាដើម ។
សូមបញ្ជាក់ថា រយៈពេលជាង២០ឆ្នាំកន្លងមកនេះ ក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ គឺជាក្លិបមានកីឡាករល្បីៗ និងជួរមុខច្រើនរូបជាងគេ គ្រប់ប្រភេទទម្ងន់ និងគ្រប់សម័យកាល ដូចជា កីឡាករ ឡៅ ចន្រ្ទា , ឡៅ ចិត្រា , ខេម ចាន់ , វេង សុភ័ក្ក , វង្ស វិឆ័យ និងកីឡាករ បុកវិបល ជាដើម ។
គួររំលឹកថា ក្លិបប្រដាល់គុនខ្មែរកងទ័ពពិសេសឆ័ត្រយោង៩១១ បានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ ដែលអតីតមានឈ្មោះថា ក្លិបទ័ពឆ័ត្រយោងប៉ារ៉ា ដែលជាមរតកដើមតមកពីទស្សវត្ត៧០ ៕