កម្ពុជាទទួលចំណូលបាន ១០៩លានដុល្លារ ពីការនាំចេញអង្ករជាង១៥ម៉ឺនតោន នៅត្រីមាសទី១ឆ្នាំនេះ

អត្ថបទដោយ៖
reachea

យោងតាមរបាយការណ៍របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានអោយដឹងនៅថ្ងៃទី២ខែមេសា ឆ្នាំ២០២១ នេះអោយដឹងថា ការនាំចេញអង្កររបស់កម្ពុជា នៅត្រីមាសទី១ ដើមឆ្នាំ២០២១នេះ សម្រេចបាន ១៥ម៉ឺន៣ពាន់៦៨៨តោន គិតជាទឹកប្រាក់មានចំនួន ១០៩.៧៣ លានដុល្លារអាមេរិក។ សហព័ន្ធស្រូវអង្ករកម្ពុជាបន្តថា ចំពោះទិសដៅទីផ្សារនៃការនាំចេញ ក្នុងរយៈពេលមួយត្រីមាសនេះ ចំណែកធំជាងគេ គឺទៅកាន់ប្រទេសចិន និងតំបន់ស្វយ័តហុងកុង និងម៉ាកាវផងដែរ ក្នុងនោះមានចំនួន ៨ម៉ឺន៥ពាន់៣៧០តោន ស្មើនឹង ៥៥.៥៥%។

របាយការណ៍ដដែលបានបង្ហាញថាប្រទេសដែលបានបញ្ជាទិញអង្ករពីកម្ពុជាក្នុងត្រីមាសទី១ ដើមឆ្នាំ២០២១នេះ រួមមាន សហភាពអឺរ៉ុប ,អង់គ្លេស ,ប្រទេសបារាំង ,តំបន់ទ្វីបអាហ្រ្វិក, អាមេរិកខាងជើង, កាណាដា, មជ្ឈឹមបូព៌ា, អាស៊ី-អូសេអានី (អូស្រ្តាលី និងញូហ្សេឡេន) និងអាស៊ី-អឺរ៉ុបជាដើមនិង ទីផ្សារអាស៊ាន រួមមានម៉ាឡេស៊ី, សាំងហ្កាពួរ និងហ្វីលីពីន ។

ការនាំចេញអង្ករ ក្នុងខែមីនា ឆ្នាំ២០២១នេះ បាននិងកំពុងបន្តងើបឡើងវិញជាបណ្តើរៗ ដែលមានការកើនឡើង ៨៤.៦៦% ធៀបនឹងខែកុម្ភៈ គឺកើនពី៤ម៉ឺន១ពាន់៩៤៩តោននៅក្នុងខែកុម្ភៈមក៧ម៉ឺន៧ពាន់៤៦៦តោននៅក្នុងខែមីនា ។

ត្រីមាសទី១ នៃឆ្នាំ២០២១នេះ គឺជាឆ្នាំដែលមានការនាំចេញទាបជាងបណ្តាត្រីមាស នៃរយៈពេល៥ឆ្នាំចុងក្រោយ។ បញ្ហាចម្បងដែលជាកត្តានាំឲ្យការនាំចេញអង្ករកម្ពុជា ជួបប្រទះនូវភាពយឺតយ៉ាវ ក្នុងការបញ្ជូនទំនិញទៅកាន់អ្នកបញ្ជាទិញនៅក្រៅប្រទេស ជាពិសេសទៅកាន់បណ្តាប្រទេសគោលដៅ នៅក្នុងសហគមន៍អឺរ៉ុប គឺកង្វះកុងតែន័រសម្រាប់អង្ករ និងថ្លៃដឹកជញ្ជូនតាមសមុទ្រ នៅតែបន្តមានតម្លៃខ្ពស់ បើប្រៀបធៀបទៅក្នុងរយៈពេលដូចគ្នា ៥ឆ្នាំចុងក្រោយ ដែលមានគម្លាតខ្ពស់ជាងរហូតដល់ជាង៥ដង។

ប្រភេទអង្ករនាំចេញ ក្នុងរយៈពេលត្រីមាសទី១ ដើមឆ្នាំ២០២១នេះ ភាគច្រើនបំផុតជាអង្ករក្រអូបប្រណីត និងអង្ករក្រអូបធម្មតា ដែលមានចំណែកជាងពាក់កណ្តាលនៃការនាំចេញសរុប៕

ads banner