ឯកឧត្តម ប៉ាន សូរស័ក្តិ ប្តេជ្ញាដឹកនាំការអភិវឌ្ឍវិស័យពាណិជ្ជកម្មឆ្នាំ២០២១ ដោយអនុលោមតាមអភិក្រមទាំង ៥ របស់សម្តេចតេជោ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានប្តេជ្ញាបន្តដឹកនាំអនុវត្តទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២១ ឱ្យបានជោគជ័យបន្ថែមទៀត លើសសមិទ្ធផលដែលទទួលបានក្នុងឆ្នាំ២០២០ ដោយផ្តោតលើរបៀបវារៈពង្រឹងប្រសិទ្ធភាពការងារ សំដៅឆ្លើយតបអភិក្រមទាំង៥ គឺ៖ «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ការប្តេជ្ញារបស់ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាពពិធីបិទសន្និបាតបូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២០ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២១ នៅទីស្តីការក្រសួង កាលពីព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០១ ខែមេសា ឆ្នាំ២០២១ ដោយមានការចូលរួមផ្ទាល់ និងតាមប្រព័ន្ធវីដេអូ Conference ពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង និងមន្ទីរពាណិជ្ជកម្មគ្រប់លំដាប់ថ្នាក់ចំនួនជាង ២០០នាក់។

ជាមួយការប្តេជ្ញាចិត្តខាងលើ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងដោយសង្ខេបនូវសមិទ្ធផលការងារឆ្នាំ២០២០ ដែលមានសង្គតិភាពជាមួយយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្ម កម្មវិធីគោលនយោបាយជាតិ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា បើទោះបីកម្ពុជាបានប្រឈមវិបត្តិផ្ទួនៗដែលមកពីការរាតត្បាតនៃជំងឺកូវីដ១៩។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជម្រាបជូនអង្គសន្និបាត នូវទិសដៅការងារសំខាន់ៗសម្រាប់ឆ្នាំ២០២១ ដែលបានមកពីកិច្ចពិភាក្សារយៈពេលពេញមួយថ្ងៃរវាងមន្ត្រីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងវិស័យឯកជន និងអង្គភាពក្រោមឱវាទក្រសួងពាណិជ្ជកម្ម និងបានថ្លែងអំណរគុណចំពោះការលះបង់ និងកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានរួមចំណែកនាំមកនូវភាពជោគជ័យ និងមោទកភាពសម្រាប់ក្រសួង និងរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមជម្រាបថា អនុលោមតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការប្រែក្លាយវិបត្តិជំងឺកូវីដ១៩ ទៅជាឱកាសសម្រាប់ការកែទម្រង់នៅក្នុងប្រទេស ក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេលពេញមួយឆ្នាំ២០២០ បានខិតខំអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្នុងការជំរុញផលិតកម្មក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការទីផ្សារ និងការធ្វើពពិធកម្មវិស័យនាំចេញ សំដៅជំរុញការធ្វើសមាហរណកម្មសេដ្ឋកិច្ច-ពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។ ជាលទ្ធផលការនាំចេញរបស់កម្ពុជា នៅតែរក្សាបានកំណើនប្រហាក់ប្រហែលនឹងឆ្នាំ២០១៩ គឺ ១៦,៧% ដោយសារកម្ពុជាពុំបានដាក់ការរឹតត្បិត ឬហាមឃាត់ការនាំចេញឡើយ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner