ក្រសួងសុខាភិបាល សំណូមពរឱ្យពលរដ្ឋផ្អាកធ្វើដំណើរកម្សាន្ត ដែលមិនចាំបាច់ អំឡុងបុណ្យចូលឆ្នាំថ្មី

អត្ថបទដោយ៖
reachea

យោងតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល បានអោយដឹងនៅថ្ងៃទី ០២ ខែមេសា ឆ្នាំ ២០២១នេះ បានសំណូមពរដល់ប្រជាពលរដ្ឋឱ្យផ្អាកការធ្វើដំណើរកម្សាន្ត ដែលមិនចាំបាច់ អំឡុងពេលសម្រាក បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខ ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងមេរោគកូវីដ១៩។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា «សូមផ្អាកនូវរាល់ដំណើរកម្សាន្តនានា ដែលមិនចាំបាច់ ពីព្រោះវាអាចបណ្តាលឲ្យមានហានីភ័យនៃការចម្លងមេរោគ កូវីដ១៩ ជាពិសេសទៅតំបន់ ឬទីកន្លែង ដែលមានហានីភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ដែលកំណត់ដោយក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច»។

ក្រសួងបន្តថា បើចាំបាច់ត្រូវចេញក្រៅផ្ទះ សូមជ្រើសរើសការធ្វើដំណើរដាច់ដោយឡែក ជាលក្ខណៈគ្រួសារតូចៗ ដែលមិនមានការជួបជុំច្រើន ដែលមានបរិយាកាសល្អ មានខ្យល់ចេញចូលល្អគ្រប់គ្រាន់ និងធានាការធ្វើដំណើរនោះ ប្រកបដោយសុវត្ថិភាព ពីការចម្លងមេរោគកូវីដ១៩។

ក្រសួងថែមទាំងស្នើឲ្យចៀសវាងការធ្វើដំណើរដោយមិនចាំបាច់ ឆ្លងកាត់រាជធានី-ខេត្ត ជាពិសេសទៅកាន់បណ្តាខេត្តនានា រមណីយដ្ឋាន ឬចេញ-ចូលតំបន់ ឬទីកន្លែង ដែលបាននិងកំពុងមានការផ្ទុះរាលដាលជំងឺកូវីដ១៩។ បន្ថែមលើនេះ ត្រូវចៀសវាងការធ្វើដំណើរ ប្រសិនបើមានអាការៈក្តៅខ្លួន ក្អក ឬពិបាកដកដង្ហើម ឬមានបញ្ហាសុខភាព។

សូមជម្រាបថា កម្ពុជាកំពុងជួបប្រទះករណីឆ្លងកូវីដ១៩ យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ជាព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។ កម្ពុជាគិតត្រឹមថ្ងៃ ទី២ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសារុបមានចំនួន២ពាន់៥៤៦ករណី, ចំណែកការព្យាបាលជាសះស្បើយមាន ចំនួនសារុប១ពាន់២៥៦នាក់ រួមទាំងការព្យាបាលជាសះស្បើយ១៦នាក់ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ៕

ads banner