មនុស្សចំនួន៧នាក់បានពុលបន្ទាប់ពីបរិភោគត្រីខកំប៉ុងរួចបណ្តាលឱ្យក្អួតចង្អោរ ទន់ដៃទន់ជើងគ្រប់គ្នានៅខេត្តរតនគិរី
សេចក្តីរាយការណ៍បានបញ្ជាក់អោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦កន្លះល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវខេត្តរតនគិរី។អធិការនគរបាលស្រុកអូយ៉ាដាវ លោកវរសេនីយ៍ឯក សូយ សំណាង បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៧នាក់បានហូបត្រីខកំប៉ុងរួច ស្រាប់តែពុល បណ្តាលឱ្យក្អួតចង្អោរ ទន់ដៃទន់ជើងគ្រប់គ្នា ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកអូរយ៉ាដាវ ចុះទៅជួយ ដោយដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។
លោកវរសេនីយ៍ឯក សូយ សំណាង បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់ រហូតដល់ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ប្រជាពលរដ្ឋទាំង ៧នាក់ បានធូរស្រាលឡើងវិញ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់ទៅផ្ទះវិញនៅឡើយទេ ដោយរងចាំតាមដានអាការៈបន្តទៀត៕