មន្ត្រីក្រសួងធនធានទឹក ត្រៀមចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩
នាល្ងាចថ្ងៃសុក្រ ៥រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ស៊ិន វុទ្ធី រដ្ឋលេខាធិការប្រចាំការ បានអញ្ជើញចុះពិនិត្យការងាររៀបចំទីតាំង ដើម្បីត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ របស់ក្រសួងធនធានទឹក និងឧតុនិយម អាជ្ញាធរទន្លេសាប និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមការបែងចែករបស់គណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ។ ជាមួយគ្នានេះដែរឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំបន្ថែមដល់ក្រុមការងាររៀបចំ ត្រូវគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយត្រូវមានឧបករណ៍វាស់កម្ដៅ មានការស្គែនបាកូដ ការរក្សាគម្លាត ទីតាំងត្រូវមានខ្យល់ចេញចូលឲ្យបានគ្រប់គ្រាន់ និងត្រូវមានអ្នកប្រចាំការដើម្បីសម្អាត និងអនាម័យឲ្យបានជាប់ជានិច្ច ។ល។