មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាចូលរួមយុទ្ធនាការចាក់វ៉ាក់សំាងកូវីដ-១៩
ក្នុងក្របខណ្ឌយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្រសួងសុខាភិបាលសហការជាមួយអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់មន្ត្រីក្របខណ្ឌ និងមន្ត្រីជាប់កិច្ចសន្យា នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ តាមគោលការណ៍ស្ម័គ្រចិត្ត។
មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាច្រើននាក់ បានចុះឈ្មោះចាក់វ៉ាក់សាំង។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា តំណាងអោយមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ខ្ពស់លើសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ នាពេលកន្លងមក និងបានកៀរគរ រកវ៉ាក់សំាង មកចាក់ជូនពលរដ្ឋតាមគ្រប់មធ្យោបាយ។
ឯកឧត្តម លើកឡើងថា វ៉ាក់សំាងមានសារសំខាន់ណាស់នាពេលបច្ចុប្បន្ននេះ នៅក្នុងការការពារអាយុជីវិតពលរដ្ឋនិងការស្តារសេដ្ឋកិច្ច សង្គមជាតិអោយល្អប្រសើរវិញ នៅក្រោយការរាតត្បាតជំងឺកូវីដ-១៩ នោះ។
រាជរដ្ឋាភិបាលគ្រោងចាក់វ៉ាក់សំាងជូនពលរដ្ឋឱ្យបាន១០លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋ ពលរដ្ឋទាំងអស់ ហើយនៅក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានណែនាំឱ្យក្រសួងសុខាភិបាលចាក់វ៉ាក់សំាង ជូនពលរដ្ឋអោយបានមួយលានដូសក្នុងមួយខែ។