អភិបាលខេត្តព្រៃវែង អញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្ត
រសៀលថ្ងៃសុក្រ ទី២ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង និងសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ជាពិសេស នៅតាមមន្ទីរ អង្គភាពជុំវិញខេត្តទាំងអស់ ដែលប្រព្រឹត្តទៅ នៅមន្ទីរពេទ្យបង្អែកខេត្តព្រៃវែង។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រុមគ្រូពេទ្យខេត្តរបស់យើង។
សូមរំលឹកជូនថា មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវចងចាំថាត្រូវបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមដោយបន្តអនុវត្តនូវវិធានការបីការពារ (ពាក់ម៉ាស លាងដៃអោយបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពី មួយម៉ែត្រកន្លះឡើងទៅ និងបីកុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា
សារជាថ្មីម្តងទៀត ឯកឧត្ដម អភិបាល ខេត្ត និងប្រជាពលរដ្ឋក្នុង ខេត្តព្រៃវែងទាំងមូល សូមគោរពជូនពរ ក្រុមគ្រូពេទ្យជួរមុខទាំងអស់ និងសមាជិកអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ខេត្ត សូមមានសុខភាពល្អ បរិបូរណ៍ ប្រាជ្ញា ឈ្លៀសវៃ និងជ័យជំនះ គ្រប់ភារកិច្ច ដើម្បីជួយរួមចំណែកកាត់បន្ថយ ហានិភ័យនៃការចម្លងជំងឺកូវីដ-១៩ ដ៏កាចសាហាវមួយនេះ៕ដោយ -រ៉ាវុធ