មនុស្ស៧នាក់ពុល ក្រោយបរិភោគត្រីខកំប៉ុង (Video Inside)
មនុស្សចំនួន៧នាក់បានពុលក្រោយការបរិភោគត្រីខកំប៉ុងក្នុងហេតុការណ៍មួយដែលកើតឡើងក្នុងខេត្តរតនគីរី។ សេចក្តីរាយការណ៍បានអោយដឹងថា ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៦កន្លះល្ងាច ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដាវខេត្តរតនគិរី។ អធិការនគរបាលស្រុកអូយ៉ាដាវ លោកវរសេនីយ៍ឯក សូយ សំណាង បានឱ្យដឹងថា ប្រជាពលរដ្ឋចំនួន៧នាក់ ក្រោយបានហូបត្រីខកំប៉ុងរួចស្រាប់ តែពុលបណ្តាលឱ្យក្អួតចង្អោរ ទន់ដៃទន់ជើងគ្រប់គ្នា។
ពលរដ្ឋដែលរងការពុលនោះ ត្រូវបានកម្លាំងអធិការដ្ឋាន នគរបាលស្រុកអូរយ៉ាដាវ ចុះទៅជួយ ដោយដឹកជញ្ជូនយកទៅសង្គ្រោះបន្ទាន់ភ្លាមៗផងដែរ។ មិនមានសេចក្តី រាយការណ៍ពីគ្រូពេទ្យនៅឡើយទេពាក់ព័ន្ធនឹងការចង់ដឹងថាតើការពុលនោះបណ្តាលមកពីអ្វីនោះ? លោកវរសេនីយ៍ឯក សូយ សំណាង បានឱ្យដឹងថា ជនរងគ្រោះទាំង៧នាក់ រហូតដល់ព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ ២០២១ ប្រជាពលរដ្ឋទាំង ៧នាក់ បានធូរស្រាលឡើងវិញ ប៉ុន្ដែគ្រូពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រឡប់ទៅ ផ្ទះ វិញនៅឡើយទេ ដោយរងចាំតាមដានអាការៈបន្តទៀត៕