មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) អនុញ្ញាតអោយអ្នកចាក់វ៉ាក់សាំង Covid-19 គ្រប់ដូសហើយ មិនចាំចាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ
អាមេរិក៖ មជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃសុក្រនេះបញ្ជាក់ថា អ្នកដែលទទួលវ៉ាក់សាំងប្រឆាំងនឹងជំងឺ Covid-19 ពេញលេញហើយ អាចធ្វើដំណើរដោយសុវត្ថិភាពនៅក្នុងសហរដ្ឋអាមេរិក ដោយមិនចាំបាច់ធ្វើតេស្ត មុនពេល ឬក្រោយពេលធ្វើដំណើរឡើយ ។
នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺឆ្លងអាមេរិក (CDC) លោកស្រី រ៉ូចឆែល វ៉ាលែនស្គី (Rochelle Walensky) បានគូសបញ្ជាក់ថា គោលការណ៍ណែនាំការធ្វើដំណើរថ្មីនេះ គឺសម្រាប់តែអ្នកដែលទទួលបានវ៉ាក់សាំងបង្ការជំងឺ Covid-19 ពេញលេញប៉ុណ្ណោះ ។ លោកស្រីបន្ថែមថា អត្រាឆ្លងជំងឺនេះជាមធ្យមប្រចាំថ្ងៃក្នុងរយៈពេល៧ថ្ងៃចុងក្រោយ បានបន្តកើនឡើង ហើយឥឡូវនេះ មានប្រហែល៦ម៉ឺន២ពាន់ករណីថ្មីក្នុងមួយថ្ងៃ ។
លោកស្រីនាយក CDC រូបនេះបានសង្កត់ធ្ងន់ថា មានតែ២០ភាគរយប៉ុណ្ណោះនៃប្រជាជនពេញវ័យរបស់សហរដ្ឋអាមេរិក ដែលបានចាក់វ៉ាក់សាំងគ្រប់ដូស ដែលនេះជាហេតុនាំឲ្យលោកស្រីនៅតែព្រួយបារម្ភថា សហរដ្ឋអាមេរិកនៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវធ្វើ ដើម្បីគ្រប់គ្រងជំងឺរាតត្បាតនេះ ។ ទោះបីជាយ៉ាងណាក៏ដោយ មជ្ឈមណ្ឌល CDC ក៏បានណែនាំដល់អ្នកធ្វើដំណើរដែលទទួលវ៉ាក់សាំងរួចអោយបន្តពាក់ម៉ាស រក្សាគម្លាតសង្គម២ម៉ែត្រ និងលាងដៃឲ្យបានទៀងទាត់ផងដែរ ៕ Reuters