លោក ចូ បៃដិន បង្ហាញការខូចចិត្តជាខ្លាំង ក្រោយជនសង្ស័យម្នាក់បានយកកាំបិតចាក់មន្រ្តីប៉ូលិសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួស
អាមេរិក៖ សេតវិមានបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានបង្ហាញការខូចចិត្តជាខ្លាំង ដែលមន្រ្តីប៉ូលិសអាមេរិកម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីជនសង្ស័យម្នាក់បានបើករថយន្តមួយគ្រឿង សំដៅទៅរកក្រុមប៉ូលិសយាមនៅខាងមុខទីធ្លាវិមានសភា នៅថ្ងៃសុក្រសប្ដាហ៍នេះ និងបានប្រើប្រាស់កាំបិតដើម្បីបើកការវាយប្រហារលើពួកគេ ។
បើតាមសេចក្តីថ្លែងការណ៍ខាងលើនេះ លោក ចូ បៃដិន បានចេញបញ្ជាអោយបង្ហូតទង់ជាតិនៅសេតវិមានត្រឹមពាក់កណ្តាលដង ដើម្បីជាការផ្តល់កិត្តិយសដល់មន្រ្តីប៉ូលិសអាមេរិកឈ្មោះ វីលៀម អ៊ីរ៉ានស៍ (William Evans) ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍វាយប្រហារនេះ ។ មេបញ្ជាការស្តីទីនៃកងកម្លាំងប៉ូលិសប្រចាំនៅវិមានសភាអាមេរិក លោកស្រី យ៉ូហ្គាណាន់ដា ភីតមែន បានផ្តល់ព័ត៌ មានថា ជនសង្ស័យបានបើករថយន្តមួយគ្រឿងសំដៅទៅរកក្រុមមន្រ្តីរបស់យើង បន្ទាប់មកបានបើកបុកទម្លាយរបាំង និងចុះពីលើរថយន្ត ដោយបានចាក់ពួកគេដោយកាំបិតដែលកាន់នៅក្នុងដៃ ។
បើតាមលោក រ៉ូប៊ឺត ខុនធី ដែលជាមេបញ្ជាការស្តីទីនៃនាយកដ្ឋានប៉ូលិសទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការវាយប្រហារនេះ មិនមានជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មនោះទេ ប៉ុន្តែជាក់ស្តែងយើងនឹងបន្តស៊ើបអង្កេតបន្ថែមទៀត ៕ ប្រភព៖ Reuters