សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងព្រមព្រៀងរួមគ្នា ដើម្បីបន្តរក្សាការដាក់សម្ពាធលើកូរ៉េខាងជើង ជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីប
អាមេរិក៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនបានបង្ហាញការរួបរួមគ្នានៅក្នុងកិច្ចប្រជុំស្តីពីបញ្ហាសន្តិសុខក្នុងកម្រិតខ្ពស់ នៅថ្ងៃសុក្រសប្តាហ៍នេះ ដោយប្តេជ្ញាធ្វើការងាររួមគ្នា ដើម្បីបន្តដាក់សម្ពាធលើប្រទេសកូរ៉េខាងជើង ធ្វើយ៉ាងណាអោយបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់ខ្លួន ។
ទីប្រឹក្សាសន្តិសុខជាតិរបស់លោក ចូ បៃដិន គឺលោក ជេក ស៊ូលីវ៉ាន់ បានរៀបចំការប្រជុំដោយផ្ទាល់រួមគ្នាជាមួយសមភាគីរបស់លោក មកពីកូរ៉េខាងត្បូងគឺលោក ស៊ូ ហ៊ុន និង ជប៉ុនគឺលោក ស៊ីហ្គេរូ គីតាមូរ៉ា នៅឯបណ្ឌិត្យសភាកងទ័ពជើងទឹកសហរដ្ឋអាមេរិកក្នុងទីក្រុង អានណាប៉ូលីស រដ្ឋម៉ារីលែន ។ មន្ត្រីជាន់ខ្ពស់ ទាំងបីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកគេបានចែករំលែកការព្រួយបារម្ភអំពីកម្មវិធីមីស៊ីលនុយក្លេអ៊ែរ និងមីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើង ហើយសន្យាធ្វើកិច្ចសហប្រតិបត្តិការត្រីភាគីឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ ។
សេចក្តីថ្លែងការណ៍នេះបានលើកឡើងថា ពួកលោកបានឯកភាពលើភាពចាំបាច់សម្រាប់ការអនុវត្តពេញលេញនៃសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធដោយសហគមន៍អន្តរជាតិ រួមទាំងកូរ៉េខាងជើង ការទប់ស្កាត់ការរីកសាយអាវុធ និង កិច្ចសហប្រតិបត្តិការដើម្បីពង្រឹងការទប់ស្កាត់ និងថែរក្សាសន្តិភាព និងស្ថិរភាពនៅឧបទ្វីបកូរ៉េ ។ បន្ថែមលើនេះ ពួកលោកក៏បានពិភាក្សាពីការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ និង ការប្រែប្រួលអាកាសធាតុ ព្រមទាំងវិធីស្តារលទ្ធិប្រជាធិបតេយ្យនៅមីយ៉ាន់ម៉ាផងដែរ ៕ ប្រភព៖ Reuters