រដ្ឋបាលលោក ចូ បៃដិន សម្រេចលុបចោលទណ្ឌកម្មដែលលោក ដូណាល់ ត្រាំ ដាក់លើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC
អាមេរិក៖ សហរដ្ឋអាមេរិកនៅថ្ងៃសុក្រនេះ បានសម្រេចដកចេញវិញនូវការដាក់ទណ្ឌកម្មលើរដ្ឋអាជ្ញាកំពូល នៃតុលាការព្រហ្មទណ្ឌអន្តជាតិ ICC ដែលបានដាក់កាលពីជំនាន់រដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ខណៈរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន កំពុងស្វែងរកកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទបន្ថែមជាមួយតុលាការអន្តរជាតិមួយនេះ ។
ការប្រកាសពីការលុបចោលទណ្ឌកម្មខាងលើធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងគែន ។ ក្រៅតែពីការដកទណ្ឌកម្មពីរដ្ឋអាជ្ញា ICC លោកស្រី ហ្វាធូ ប៊ែនស៊ូដា ហើយនោះ រដ្ឋបាលលោក បៃដិន ក៏បានដកទណ្ឌកម្មចេញផងដែរ ក្នុងនោះរួមមានទាំងការលុបចោលការរឹតត្បិតទិដ្ឋាការលើមន្ត្រីជាន់ខ្ពស់ ICC ជាច្រើនរូបទៀត ។ បើតាមប្រមុខការទូតអាមេរិករូបនេះ សហរដ្ឋអាមេរិកនៅតែបន្តមិនយល់ស្របយ៉ាងខ្លាំង ចំពោះចំណាត់ការលើប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីស្រាអែល ហើយថា ទោះយ៉ាងណា យើងជឿជាក់ថា ការព្រួយបារម្ភរបស់យើងចំពោះករណីទាំងនេះនឹងដោះស្រាយបានប្រសើរជាងមុន តាមរយៈការចូលរួមជាមួយអ្នកពាក់ព័ន្ធទាំងអស់ នៅក្នុងដំណើរការរបស់តុលាការ ICC ជាជាងការដាក់ទណ្ឌកម្ម ។
សូមរំលឹកថា អតីតរដ្ឋបាលលោក ត្រាំ បានប្រកាសដាក់ទណ្ឌកម្មលើលោកស្រីរដ្ឋអាជ្ញា ប៊ែនស៊ូដា និងមន្ត្រីជាន់ខ្ពស់ជាច្រើន បន្ទាប់ពីលោកស្រីបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាកងទ័ពអាមេរិក បានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន និងការស៊ើបអង្កេតលើករណីឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងទឹកដីប៉ាឡេស្ទីន ដែលសង្ស័យថា ប្រព្រឹត្តិឡើងដោយអ៊ីស្រាអែល ៕ ប្រភព៖ Reuters