រយៈពេល៣ខែ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ថយ១៥៣ករណី បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០, អ្នកស្លាប់ថយ៦០នាក់
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា រយៈពេល៣ខែ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស បានថយចុះចំនួន១៥៣ករណី ស្មើនឹង១៧ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២០ ដែលនាំឲ្យចំនួនអ្នកស្លាប់ និងរបួសថយចុះមានការថយចុះ។
តាមរយៈ Facebook នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង បានបង្ហាញតួលេខថា ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានកើតឡើងសរុប ចំនួន៧៦៣លើក ថយចុះចំនួន១៥៣លើក ស្មើនឹង១៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាគឺ ត្រីមាសទី១ ឆ្នាំ២០២០ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៩១៦លើក។ សម្ដេចក្រឡាហោម ស ខេង ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផល នៃការអនុវត្តច្បាប់ស្ដីពីចរាចរណ៍ ផ្លូវគោកត្រីមាសទី១ គឺគិតចាប់ពីខែមករា ដល់ដំណាច់ខែមីនា ឆ្នាំ២០២១នេះ ដែលអត្រាគ្រោះថ្នាក់ ស្លាប់ និងរងរបួសមានការថយចុះគួរឲ្យកត់សំគាល់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីត្រីមាសទី១ឆ្នាំ២០២០។
សម្ដេចក្រឡាហោម ស ខេង បានបន្ដថា បើតាមចំពោះអត្រាអ្នកស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ក៏បានថយចុះរហូតដល់៦០នាក់ បើប្រៀបធៀប ត្រីមាសទី១ឆ្នាំ២០២០ ដែលមានអ្នកស្លាប់ចំនួន៤៩៣នាក់ ហើយនៅត្រីមាសទី១ឆ្នាំ២០២១នេះ ចំនួនអ្នកស្លាប់មាន៤៣៣នាក់។ ចំណែកអត្រាអ្នករងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍វិញ នៅត្រីមាស ទី១ ឆ្នាំ២០២១នេះ គឺមានចំនួន១,១១៣នាក់ បានថយចុះ២០២នាក់ ស្មើនឹង១៥ភាគរយបើធៀបនឹងរយៈពេល១ត្រីមាសដូចគ្នា កាលពីឆ្នាំ២០២០ ដែលមានអ្នករងបួស១,៣១៥នាក់។
ផ្អែកលើលទ្ធផលនេះ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោគ សម្ដេចក្រឡាហោម ស ខេង សូមថ្លែងអំណរគុណ និងកោតសរសើរខ្ពស់ ចំពោះស្មារតីយកចិត្តទុកដាក់បំពេញភារកិច្ចដឹកនាំការអនុវត្តច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងយប់ ទាំងថ្ងៃ របស់ថ្នាក់ដឹកនាំ និងមន្រ្តីនគរបាល នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្នងការដ្ឋាននគបាលរាជធានីខេត្ត អធិការដ្ឋាននគរបាលក្រុង ស្រុក ខណ្ឌ និងសមត្ថកិច្ចរួមសហការផ្សេងទៀត។
ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនជនរួមជាតិ អ្នកបញ្ជាមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដែលបានប្រកាន់នូវឥរិយាបថជាពលរដ្ឋល្អ តាមរយៈការចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងខ្ជាប់ខ្ជួនគ្រប់ពេលធ្វើដំណើរ។ ដោយសារការគោរពច្បាប់ដ៏ខ្ជាប់ខ្ជួន ពីសំណាក់បងប្អូនជនរួមជាតិនេះហើយ ដែលបានធ្វើឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ ចំនួនអ្នកស្លាប់ ចំនួនអ្នករងរបួស និងការ ខូចខាតទ្រព្យសម្បត្តិ ក៏មានការថយចុះ។
សម្ដេចក្រឡាហោម ស ខេង បានអះអាងថា គ្រោះថ្នាក់ចរាចរណ៍ទោះថា មិនមែនជាជំងឺឆ្លងក៏ដោយ ក៏គ្រោះថ្នាក់នេះបានផ្តាច់ជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ។ សម្ដេចក៏បានអំពាវនាវដល់បងប្អូនជនរួមជាតិ ជាពិសេសអ្នកបញ្ជាយានយន្តទាំងអស់ សូមមេត្តាប្រកាន់ខ្ជាប់នូវស្មារតីបើកបរដោយការគោរពច្បាប់ចរាចរណ៍ និងប្រុងប្រយ័ត្នគ្រប់ពេលវេលា និងស្នើសមត្ថកិច្ចគ្រប់ថ្នាក់បន្តបំពេញភារកិច្ច ដ៏ថ្លៃថ្លាក្នុងការរក្សាសុវត្ថិភាព ចរាចរណ៍ជូនប្រជាពលរដ្ឋ និងបន្តផ្តល់ការលើកទឹកចិត្តដល់មន្ត្រី ដោយស្មារតីយកចិត្តទុកដាក់ខ្ពស់៕ដោយ -រ៉ាវុធ