អតីតនាយករដ្ឋមន្ត្រីថៃ យីងឡាក់ រួចខ្លួនពីការពិន័យជាង១ពាន់លានដុល្លារ រឿងក្តីស្រូវអង្ករ
អតីតនាយករដ្ឋមន្ត្រីនៃប្រទេសថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា បានរួចខ្លួនពីការពិន័យទឹកប្រាក់ចំនួន ៣៥,៧ ពាន់លានបាត ឬ ១.១ពាន់លានដុល្លារអាមេរិក ទាក់ទងនឹងរឿងក្ដីគម្រោងស្រូវអង្ករ បន្ទាប់ពីតុលាការថៃបានសម្រេចទម្លាក់ចោលរឿងក្តីនេះ កាលពីម្សិលមិញ។
តុលាការថា បទចោទរបស់ក្រសួងសេដ្ឋកិច្ចថៃ កាលពីខែតុលា ឆ្នាំ២០១៦ មិនស្របច្បាប់ ព្រោះអំពើពុករលួយក្នុងគម្រោងស្រូវអង្ករ បានកើតឡើងនៅក្នុងកម្រិតប្រតិបត្តិការ ហើយលោកស្រី យីងឡាក់ មិនមានបំណងចង់ឱ្យមានអំពើពុករលួយកើតឡើងនោះឡើយ។ មួយវិញទៀត ក្រសួងសេដ្ឋកិច្ច មិនមានព័ស្តុតាងច្បាស់លាស់ថា លោកស្រី យីងឡាក់ ត្រូវទទួលខុសត្រូវដោយផ្ទាល់លើការខូចខាត នៃគម្រោងនេះឡើយ។
លោកស្រី យីងឡាក់ បានចាកចេញពីប្រទេសថៃ កាលពីខែសីហា ឆ្នាំ២០១៧ ដើម្បីគេចពីការពិន័យ ទាក់ទងនឹងការបរាជ័យនៅក្នុងគម្រោងស្រូវអង្ករ អំឡុងរដ្ឋបាលរបស់លោកស្រី ដោយ តុលាការកំពូលបានសម្រេចសាលក្រមកំបាំងមុខ ដោយលោកស្រីយីងឡាក់ ត្រូវជាប់ពន្ធនាគារ៥ឆ្នាំ៕