ទេយ្យទានសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោកឧកញ៉ា បណ្ឌិត ទ្រី ភាព និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង ប្រគេនព្រះសង្ឃគង់នៅវត្តចំនួន០៦ ស្ថិតនៅស្រុកស្វាយលើ ខេត្តសៀមរាប និងស្រុករវៀង ខេត្តព្រះវិហារ
(សៀមរាប-ព្រះវិហារ): នៅថ្ងៃទី០២ និងថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងស្ថានភាពដែលប្រទេសជាតិ បាននិងកំពុងទទួលរងនូវការរាតត្បាតពីជម្ងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ សម្រាប់ព្រះសង្ឃគង់នៅក្នុងវត្ត បានជួបប្រទះការកង្វះខាតចង្ហាន់ ក៏ដូចជាសម្ភារៈមួយចំនួន។ ជាការសម្រាលផលលំបាកទាំងនេះ ក្រុមការងារតំណាងលោកឧកញ៉ា បណ្ឌិត ទ្រី ភាព អគ្គនាយក ក្រុមហ៊ុន ទ្រី ភាព គ្រុប និងលោកជំទាវ ឧកញ៉ា គៀន ស្រីនាង បាននាំយកទេយ្យទានដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រគេនព្រះសង្ឃគង់ក្នុងវត្តចំនួន ០៣ មានវត្តព្រះអង្គធំ (ភ្នំគូលែន) វត្ត្តព្រះក្រាល និងវត្តភ្នំរុំព័ទ្ធហៅវត្តពេីងតាគុយ ស្ថិតក្នុងស្រុកស្វាយលេី ខេត្តសៀមរាប ដោយក្នុង០១វត្តទទួលបាន -អង្ករ -មី -ទឹកដោះគោឆៅ -ទឹកសុទ្ធ -ទឹកក្រូច -ដបនិងទឹកអាកុល -ម៉ាស -ត្រីងៀត និងបច្ច័យចំនួន ១.០០០.០០០រៀល។
ក្នុងខណៈនោះដែរ ក្រុមការងារក៏បានឧបត្ថម្ភសម្រាប់សាលាស្រុកស្វាយលេី មានជា-ដបនិងទឹកអាកុល -ម៉ាស -ទឹកសុទ្ធ និងសម្ភារៈបរិក្ខារមួយចំនួន។
ដោយឡែកនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ នេះ ក្រុមការងារបានបន្តយកទេយ្យទានប្រគេនព្រះសង្ឃគង់នៅវត្ត០៣ មាន វត្តឧត្តមរស្មី ស្ថិតក្នុងភូមិថ្នល់កោង ឃុំរំដោះ វត្តសុវណ្ណរតនៈ ស្ថិតក្នុងភូមិអូរទ្រលោក ឃុំរមទម និងវត្តសុវណ្ណគិរី ស្ថិតក្នុងភូមិភ្នំដែក នៃស្រុករវៀង ខេត្តព្រះវិហារ ដោយក្នុងមួយវត្តទទួលបាន៖ -អង្ករ -មី -ទឹកដោះគោឆៅ -ទឹកសុទ្ធ -ទឹកក្រូច -ដបនិងទឹកអាកុល -ម៉ាស -ត្រីងៀត និងបច្ច័យជាថវិកាចំនួន ១.០០០.០០០រៀល។
ជាការចូលរួមយុទ្ធនាការផ្សព្វផ្សាយអំពីការរីករាលនៃជម្ងឺឆ្លងដ៏កាចសាហាវកូវីដ-១៩ នៅតាមវត្តអារាមនានា មានរៀបចំឱ្យមានជាការទូងស្គរ វាយរគាំង! បួងសួងប្រាថ្នាសុំអោយតេជានុភាព រឹទ្ធានុភាពនៃវត្ថុសក្តិសិទ្ធិទាំងអស់ សូមឱ្យមេរោគដ៏កាចសាហាវកូវីដ-១៩ នេះ រលាយសាបសូន្យពីព្រះរាជាណាចក្រកម្ពុជា និងភពផែនដីយើងទាំងមូល។
ប្រសាសន៍សម្តេចតេជោ៖ សូមបងប្អូនជនរួមជាតិអនុវត្តតាមវិធានសុខាភិបាលអោយបានម៉ត់ចត់ និងបន្តចូលរួមជាមួយវិធានការ «៣ការពារ ៣កុំ» ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត៕