កិច្ចពិភាក្សាអំពីកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ

អត្ថបទដោយ៖
AMS

ជុំវិញកិច្ចប្រជុំអង្គមហាសន្និបាតលើកទី ១១ និងគោលនយោបាយឡាវ លោក ថុង ម៉េងដេវិត បានធ្វើការបកស្រាយ និងលើកឡើងពីប្រវត្តិគណបក្សប្រជាជនបដិវត្តន៍ឡាវដែលប្រកាន់យករបបកុម្មុយនីស្តមានចក្ខុវិស័យស្រដៀងគ្នាទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម និងមានលក្ខណៈគ្រប់គ្រងជា Political Bureau (Poliburo)។  លោកបានបន្តថា កាលពីពេលថ្មីៗនេះ មហាសន្និបាតលើកទី១១ បានបោះឆ្នោតសម្រេចដោយសភាឡាវ ឱ្យលោក ថោងលួន ស៊ីស៊ូលីត ជាប្រធានាធិបតី។ ក្នុងកំឡុងពេលសន្យាចំពោះមុខរដ្ឋសភាជាតិ និងសមាជិកក្រុមប្រឹក្សាប្រជាជន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកនឹងបន្តគាំទ្រ និងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញជាតិ បង្កើតឱ្យមានស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលសុខមាលភាព និងជីវភាពប្រជាជន គឺជាវិស័យអាទិភាព ក្នុងការស្តារនិងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរឹតចំណងមិត្តភាពរវាងឡាវនិងចិន ពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូមានវាសនារួមគ្នា”។ ឆ្លើយតបទៅនឹងសំបុត្រអបអរសារទរ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសង្កត់ធ្ងន់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ជម្រុញសុខមាលភាព និងមិត្តភាព របស់ប្រជាជនទាំងពីរ ក្នុងបរិបទផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សូមបញ្ជាក់ដែរថា ចិនបានក្លាយជាម្ចាស់បំណុលជាតិ ដែលមានចំនួន៧៥ភាគរយនៃបំណុលជាតិ ពោលគឺ ៥,៩ប៊ីលានដុល្លារ នៃបំណុលសរុប ១២,៦ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០។ ចិនក៏ជាដៃគូវិនិយោគដ៏សំខាន់ជាពិសេសក្នុងគម្រោងខ្សែក្រវ៉ាត់មួយផ្លូវមួយ វារីអគ្គីសនី និងរថភ្លើងលឿន ពីទីក្រុងគួនមីងមកទីក្រុងវៀងច័ន្ទ។ បំណុល បូករួមនឹងការវិនិយោគគ្មានតុល្យភាព និងមិនប្រាកដប្រជា អាចធ្វើឱ្យឡាវធ្លាក់ក្នុងអន្ទាក់បំណុលចិនបាន។ លោក ថុង ម៉េងដេវិត បន្តថា ប្រមុខដឹកនាំឡាវនឹងផ្តល់អទិភាពក្នុងការទទួលយកជំនួយហិរញ្ញវត្ថុ និងការវិនិយោគបន្ថែមពីចិន ក៏ប៉ុន្តែនឹងមិនធ្វើឱ្យវៀតណាមថ្នក់ចិត្តនឹងខ្លួនដែរ។ 

សំនួរទី១៖      សង្ខេបអំពីជីវប្រវត្តិ ឬដំណើរការនយោបាយនៅប្រទេសឡាវ

ប្រវត្តិគណបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់កំណើតនៅថ្ងៃទី០២​ ខែធ្នូ ឆ្នាំ១៩៧៥ ដែលបានលុបបំបាត់ចោលនូវរាជានិយម និងទទួលយករបបកុម្មុយនីស្ត ដែលមានចក្ខុវិស័យស្រដៀងគ្នាទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម នាពេលនោះ គឺបង្កើតបានជាបដិវត្តន៍មួយ ប្រឆាំងនឹងរបបរាជានិយម និងអាណានិគមនិយម។ ជាការពិតណាស់ គណបក្សប្រជាជនបដិវត្តន៍ឡាវ​ មានទំនាក់ទំនងជិតស្និទ្ធទៅនឹងគណបក្សកុម្មុយនីស្តវៀតណាម ក្នុងកិច្ចការនយោបាយ យោធា និងសេដ្ឋកិច្ច។

ឡាវ គឺជាប្រទេសមួយដែលមានការទម្លាក់គ្រាប់បែកច្រើនជាងគេ ក្នុងចំណោមប្រទេសនៅឥណ្ឌូចិន ក្នុងសម័យសង្រ្គាមវៀតណាមទី២ ដែលប្រឆាំងនឹងអាមេរិក ក្នុងសង្រ្គាមត្រជាក់។ អាមេរិកបានទំលាក់គ្រាប់បែកយ៉ាងច្រើន ក្នុងប្រទេសឡាវ តាមទីតាំងដែលគេហៅថា  ‘ផ្លូវលំ ហូជីមីង” ដោយសារតែអាមេរិកជឿថា ឡាវបានផ្តល់ជាទីតាំងសម្រាប់កងទ័ពវៀតណាមខាងជើង ក្នុងការលាក់ខ្លួន បន្លំខ្លួន ឬការដាក់ជាទីតាំងសម្រាប់ស្តុកសព្វាវុធ និងស្បៀង សម្រាប់ការវាយលុកវៀតណាមខាងត្បូង។ កម្ពុជា ក៏ត្រូវបានអាមេរិកទម្លាក់គ្រាប់បែកយ៉ាងច្រើនដែរ ក្នុងចន្លោះឆ្នាំ១៩៦៩ ដល់១៩៧៣ ក្នុងការចោទប្រកាន់ដូចគ្នានឹងឡាវដែរ។

លេខាបក្ស ដើរតួនាទីជាប្រមុខរដ្ឋផង​ និងជាប្រធានាធិបតីផង​ មានអំណាចតែងតាំងនាយករដ្ឋមន្រ្តី ដែលជាក្បាលម៉ាស៊ីនរបស់ក្រុមប្រឹក្សារដ្ឋមន្រ្តី និងជាអំណាចនិតិប្រតិបត្តិកំពូល។ រដ្ឋសភា របស់ឡាវត្រូវបានគ្រប់គ្រងដោយគណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលជ្រើសរើសប្រធានាធិបតីជារៀងរាល់ ៥ឆ្នាំម្តង។ របៀបគ្រប់គ្រងរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ គឺមានលក្ខណៈជា Political Bureau (Poliburo) និងដោយគណៈកម្មធិការកណ្តាល។

ជាការពិតណាស់ ជារឿយៗក៏មានការជំទាស់ច្រើនពីប្រជាពលរដ្ឋមួយចំនួន ហើយក៏មានការប៉ះទង្គិចបន្តិចបន្តួចប្រឆាំងនឹងររបបដឹកនាំនេះដែរ ដូចជាមានការវាយបាញ់បោះ ក្នុងឆ្នាំ២០០៣ និង២០០៤ ទៅកាន់សេវាដឹកជញ្ជូនសាធារណៈ និងផ្សារ។ ការប៉ះទង្គិចនេះ គឺបង្កឡើងដោយក្រុមប្រដាប់អាវុធជនជាតិភាគតិច Hmong ដែលប្រឆាំងនឹងរដ្ឋាភិបាល ដែលក្រុមនេះបានក្លាយជាមុខសញ្ញាប្រឆាំងនឹងគណបក្សប្រជាជនបដិវត្តន៍ឡាវ ចាប់តាំងឆ្នាំ១៩៧៥មក។ ប៉ុន្តែ រយៈពេល១០ឆ្នាំ មកនេះ គីមិនមានការប៉ះទង្គិច ឬមានការវាយប្រហារនេះទៀតទេ ហើយសហរដ្ឋអាមេរិកក៏ចេញមុខប្រឆាំងនឹងការប៉ះបោរនានា ប្រឆាំងនឹងរដ្ឋាភិបាលឡាវនោះដែរ។

ចំពោះសេដ្ឋកិច្ចវិញ ក្នុងកំឡុងពេលឡើងកាន់អំណាច ចាប់ពីឆ្នាំ១៩៧៥ មកចុងឆ្នាំ១៩៨៩ ឡាវប្រកាន់ខ្ជាប់នូវនយោបាយសេដ្ឋកិច្ច Perestroika ដែលជាផែនការសេដ្ឋកិច្ចរបស់សហភាពសូវៀត ដឹកនាំដោយ Mikhail Gorbachev។ ប៉ុន្តែក្រោយការដួលរលំសហភាពសូវៀត ក្នុងឆ្នាំ១៩៩១ មក រដ្ឋាភិបាលឡាវបារៀបចំសេដ្ឋកិច្ចតាមគោលការណ៍ Doi Moi របស់វៀតណាមវិញ ដោយមានការបើកចំហរ និងសេរីជាងមុន។

សេដ្ឋកិច្ចបច្ចុប្បន្ន មានការវិនិយោគច្រើន ជាពិសេសពីថៃ និងចិន និងមួយផ្នែកធំបានមកពីការកសាងវារីអគ្គិសនី តាមបណ្តោយទន្លេមេគង្គ ដែលយើងអាចនិយាយថា សេដ្ឋកិច្ចឡាវមួយភាគធំគឺពឹងផ្អែកលើធនធានធម្មជាតិ និងប្រជាជនជាង៨០% រស់នៅជនបទ និងប្រកបរបរកសិកម្មនៅឡើយ។

សំណួរទី២៖   តើកិច្ចប្រជុំអង្គមហាសន្និបាតលើទី១១ នៃគណបក្សប្រជាជនបដិវត្តន៍ឡាវ កាលពីថ្ងៃទី១៥ ខែមករា និងការបោះឆ្នោតជាតិថ្ងៃទី២១ ខែកុម្ភៈ កន្លងមកនេះ មានទិដ្ឋភាពយ៉ាងដូចមេ្តចដែរ?

កាលពីថ្ងៃទី១៥មករា កន្លងនេះ​ មហាសន្និបាតលើកទី១១ បានបោះឆ្នោតសម្រេចឱ្យលោក ថោងលួន ស៊ីស៊ូលីត ជាលេខាបក្ស ហើយយោងតាមការបោះឆ្នោត ក្នុងខែកុម្ភៈ ត្រូវបានបោះឆ្នោតដោយសភាឡាវ ជាប្រធានាធិបតី បន្តពីលោកប្រធានាធិបតីចាស់លោក ប៊ួនហាង វូរាឆីត។​ ចំណែកនាយករដ្ឋមន្ត្រីថ្មីគឺ លោក ផាខាម វីផាវ៉ាន់។ លោក ថោងលួន ស៊ីស៊ូលីត ក៏បានប្រកាសផងដែរ ក្នុងកំឡុងពេលសន្យាចំពោះមុខរដ្ឋសភាជាតិ និងសមាជិកក្រុមប្រឹក្សាប្រជាជន កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ លោកនឹងបន្តគាំទ្រ និងប្រកាន់ខ្ជាប់រដ្ឋធម្មនុញ្ញជាតិ បង្កើតឱ្យមានស្ថិរភាពសង្គម កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ដែលសុខមាលភាព និងជីវភាពប្រជាជន គឺជាវិស័យអាទិភាព ក្នុងការស្តារ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចជាតិ។

គណបក្សប្រជាជនបដិវត្តន៍ឡាវ គឺជាគណៈបក្សតែមួយគត់ដែលដឹកនាំសភាជាតិឡាវ ហើយគណបក្សនេះបានកាន់កាប់កៅអីចំនួន១៤៤ ក្នុងចំនោម១៤៩ ដែល៥កៅអីទៀត ត្រូវបានផ្តល់អោយក្រុម “ឯករាជ្យ” ក៏ប៉ុន្តែក្រុមនេះ មិនមែនជាសមាជិកគណបក្សប្រជាជនបដិវត្តន៍ឡាវទេ ហើយពួកគេក៏ត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីរដ្ឋាភិបាលឡាវ ចំពោះសកម្មភាពនយោបាយផ្សេងៗ ក្នុងប្រទេសផងដែរ ដោយពួកគេគ្មានសំលេងក្នុងសភាឡាវនោះទេ។

សំណួរទី៣៖ តើនយោបាយផ្ទៃក្នុងរបស់ឡាវនឹងវិវឌ្ឍន៍យ៉ាងដូចមេ្តច បន្ទាប់ពីការបោះឆ្នោតនេះ?

រដ្ឋាភិបាលថ្មីនឹងផ្តោតសំខាន់ លើការបង្កើនកំណើនសេដ្ឋកិច្ច និងពង្រឹងតួនាទីរបស់បក្សផ្ទាល់ ជាអាទិនៅក្នុងកិច្ចប្រជុំមហាសន្និបាតបក្ស ក៏បានអនុម័តវិសោធនកម្មលក្ខន្តិកបក្ស ដើម្បីពង្រឹងសមត្ថភាពថ្នាក់ដឹកនាំបក្ស ដើម្បីឈានទៅរកការអភិវឌ្ឍគ្រប់ជ្រុងជ្រោយ។ ក្នុងវិសោធនកម្មនោះដែរ ក៏បា កំណត់អាណត្តិអគ្គលេខាធិការបក្ស មកត្រឹមតែ២អាណត្តិ និងបន្តយុទ្ធនាការប្រឆាំងអំពើពុករលួយ ក្នុងទិដ្ឋភាពភ្លៀងរលឹម ទោះមិនមានសន្ទុះខ្លាំងដូចប្រទេសវៀតណាម ឬចិនក្តី។

ដោយសារតែ ការយកចិត្តទុកដាក់ និងការផ្តល់តម្លៃដល់បញ្ញាវ័ន្ត ក្បាលម៉ាស៊ីនគណបក្សប្រជាជនបដិវត្តន៍ឡាវ  ​ក៏ដូចជាប្រមុខរដ្ឋឡាវ គឺសុទ្ធសឹងជាក្រុមបញ្ញាវ័ន្ត ឧទាហរណ៍ លោកប្រធានាធិបតី ថោងលួន ស៊ីស៊ូលីត លោកនាយករដ្ឋមន្រ្តី ផាខាម វីផាវ៉ាន់ និងលោក ប៊ុនថង ឆីម៉ានី ដែលពួកគាត់សុទ្ធតែជាគ្រូសាស្រ្តចារ្យ។ នេះបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលឡាវនឹងពង្រឹង និងផ្តល់អទិភាពខ្ពស់ទៅក្រុមបញ្ញាវ័ន្ត ឬកូនចៅអ្នកនយោបាយក្រោយ ដើម្បីឱ្យមានឱកាសបញ្ចេញសមត្ថភាព និងពង្រឹងភាពជាអ្នកដឹកនាំរបស់ខ្លួន ប្រកបដោយសុចរិតភាព។

សំនួរទី៤៖ តើឡាវ មានគោលនយោបាយក្រៅប្រទេសទេស យ៉ាងដូចម្តេចដែរ?

ចំពោះកិច្ចការការបរទេស យើងសង្កេតឃើញថា មានការតែងតាំងសមាជិកថ្មី២រូប ក្នុងសមាជិកការិយាល័យនយោបាយ គឺលោកស្រី ស៊ីសាយ ឡឺដឺម៉ូសូន (Sissay Leudetmounsone) ដែលលោកស្រីជាអនុប្រធាសភាជាតិ ហើយបានផ្លោះពីលេខរៀង ជនទី២៣ មកលេខរៀងជនទី១២ ក្នុងបក្ស និងលោក សាឡឺសាយ កូម៉ាស៊ីត (Saleumxay Kommasith) ជារដ្ឋមន្ត្រីការបរទេសឡាវ ពីលេខរៀងជនទី៥០ មកទី១៣ ក្នុងជួរបក្ស។ នេះសរបង្ហាញថា កិច្ចការបរទេស និងគោលនយោបាយការបរទេសឡាវនឹងមានសកម្មភាពខ្លាំងជាងមុន នាពេលប៉ុន្មានឆ្នាំខាងមុខ ដោយសារតែការផ្លាស់ប្តូរថ្នាក់ដឹកនាំផង និងភាពប្រកួតប្រជែងរបស់មហាអំណាចក្នុងតំបន់ផង ជាពិសេសអាមេរិកនិងចិន។ ដូចនេះ ឡាវត្រូវការគោលនយោបាយការបរទេស ដែលមានតុល្យភាព ក្នុងចន្លោះមហាអំណាចទាំងពីរ និងរវាងអាស៊ាននិងចិនផងដែរ ព្រោះបណ្តាប្រទេសទាំងនោះ សុទ្ធសឹងតែជាដៃគូយុទ្ធសាស្រ្ត និងពាណិជ្ជកម្ម។

នាពេលថ្មីៗនេះ ក្នុងកាសែត Vientiane Time បានបញ្ជាក់អំពីគោលនយោបាយការបរទេស ក្រោយអង្គមហាសន្និបាតបក្សលើទី១១ របស់ឡាវ ថា គណបក្សប្រជាជនបដិវត្តន៍ឡាវនឹងនៅតែបន្តអនុវត្តគោលនយោបាយការបរទេសឡាវ ដែលមានស្រាប់ ពោលគឺការប្រើប្រាស់យុទ្ធសាស្រ្ត និងយុទ្ធវិធីផ្សេងៗ ដើម្បីឆ្លើយតបទៅនឹងបម្លាស់ប្តូរនៃព្រឹត្តការណ៍នយោបាយបរទេស និងភូមិសាស្រ្តនយោបាយ សំដៅជួយដោះស្រាយជម្លោះ ក៏ដូចជាថែររក្សាសន្តិភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសកលលោក ជាពិសេសតំបន់អាស៊ាន ដែលក្នុងនោះ ក៏មានការកំណត់យកនូវកម្រិតចំណងមិត្តភាព និងសហប្រតិបត្តិការជាមួយបណ្តាប្រទេសមិត្តយុទ្ធសាស្រ្ត។

អ្វីដែលគួរឱ្យកត់សម្គាល់ គឺការរឹតចំណងមិត្តភាព រវាងឡាវនិងចិន ពី “ភាពជាដៃគូយុទ្ធសាស្រ្ត” ទៅជា “ភាពជាដៃគូមានវាសនារួមគ្នា”។ ឆ្លើយតបទៅនឹងសំបុត្រអបអរសារទរ របស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង ដែលបានសង្កត់ធ្ងន់ពីទំនាក់ទំនងនៃប្រទេសទាំងពីរ ក្នុងការធ្វើការរួមគ្នា ជម្រុញសុខមាលភាព និងមិត្តភាព របស់ប្រជាជនទាំងពីរ ក្នុងបរិបទផ្លាស់ប្តូរនៃពិភពលោកបច្ចុប្បន្ន។ សូមបញ្ជាក់ដែរថា ចិន បានក្លាយជាម្ចាស់បំណុលជាតិ ដែលមានចំនួន៧៥% នៃបំណុលជាតិ ពោលគឺ ៥.៩ ប៊ីលានដុល្លារ នៃបំណុលសរុប ១២.៦ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២០។ ចិន ក៏ជាដៃគូវិនិយោគដ៏សំខាន់ជាពិសេសក្នុងគម្រោង ខ្សែក្រវ៉ាត់មួយផ្លូវមួយ វារីអគ្គីសនី និងរថភ្លើងលឿន ពីទីក្រុងគួនមីងមកទីក្រុងវៀងច័ន្ទ។ បំណុល បូករួមនឹងការវិនិយោគ គ្មានតុល្យភាព និងមិនប្រាកដប្រជា អាចធ្វើឱ្យឡាវធ្លាក់ក្នុងអន្ទាក់បំណុលចិនបាន។

ចំណែកទំនាក់ទំនងជាមួយប្រទេសវៀតណាម ដែលជាប្រទេសកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរបស់ឡាវ ក៏ត្រូវបានថ្នាក់ដឹកនាំឡាវ សង្កត់ធ្ងន់ និងវាយតំលៃខ្ពស់ ក្នុងការធ្វើយ៉ាងណាឱ្យមិត្តភាព និងសាមគ្គីភាពរវាងឡាវ និងវៀតណាម រឹតតែរឹងមាំ និងវិជ្ជមានបន្ថែមទៀត។ ក្នុងរបត់នៃបម្លាស់ប្តូរនៃបរិបទនយោបាយ និងសេដ្ឋកិច្ចឡាវ រដ្ឋាភិបាលឡាវបាននឹងកំពុងតែថ្លឹងថ្លែងតុល្យភាពទំនាក់ទំនងរវាង ឡាវ-ចិន និង ឡាវ-វៀតណាម ដែលបូករួមនឹងការខិតជិតចូលរបស់ចិន​ ទាំងសកម្មភាពនយោបាយ សេដ្ឋកិច្ច​ និងយោធា ហើយនេះបានធ្វើឱ្យវៀតណាម មានការបារម្ភពីឥទ្ធិពលរបស់ខ្លួន ក្នុងកិច្ចការនយោបាយឡាវ។

ទោះជាយ៉ាងនេះក្តី ខ្ញុំយល់ឃើញថា ប្រមុខដឹកនាំឡាវនឹងផ្តល់អទិភាពក្នុងការទទួលយកជំនួយហិរញ្ញវត្ថុ និងការវិនិយោគបន្ថែមពីចិន ក៏ប៉ុន្តែនឹងមិនធ្វើឱ្យវៀតណាមថ្នក់ចិត្តនឹងខ្លួនដែរ។  ឡាវត្រូវការជំនួយវិនិយោគទាំងនោះ  ជាពិសេសលើគម្រោងវារីអគ្គីសនីរបស់ខ្លួន ដែលកំពុងតែអភិវឌ្ឍន៍ និងវិនិយោគ ដោយប្រទេសចិន ថៃ និងវៀតណាម។ ឡាវមានមហិច្ឆតា ចង់ក្លាយខ្លួនជា “អាគុយរបស់អាស៊ាន” ដែលការអភិវឌ្ឍវារីអគ្គីសនីនេះ ក៏ទទួលបានការរិះគន់ពីបណ្តាប្រទេសតំបន់មេគង្គ ទាក់ទងនឹងការគ្រប់គ្រងទឹក និងការធ្វើឱ្យមានគ្រោះរាំងស្ងួតនៅតាមបណ្តាប្រទេសនៅក្រោមទន្លេមេគង្គ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពប្រជាជន បរិស្ថាន ជីវៈចម្រុះ និងបរិមាណទឹកផងដែរ។

សំនួរទី៥៖ តើលោកយល់យ៉ាងណាដែរ ចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ នាពេលបច្ចុប្បន្ន

ទំនាក់ទំនងកម្ពុជា-ឡាវ បានចាប់ផ្តើមតាំងពីឆ្នាំ១៩៥៦ ហើយប្រទេសទាំងពីរមានព្រំដែនជាប់គ្នា ចំនួន ៥៤០គម។ ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ពោលគឺ ចាប់ពីខែមេសា ឆ្នាំ២០១៧​ កងទាហានឡាវបានចូលមកតំបន់ព្រំដែនកម្ពុជា-ឡាវ ស្ថិតនៅក្នុងខេត្តព្រះវិហារ បានធ្វើការឃាត់ឃាំងទាហានខ្មែរកំពុងសាងសង់ផ្លូវ និងបានចោទប្រកាន់ថា កម្ពុជាកំពុងតែសាងសង់ប៉ុស្តិយាមការនៅលើទឹកដីឡាវ។ បួនខែក្រោយមក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបញ្ជូនកងទ័ពទៅទីតាំងជម្លោះ និងបានទូរស័ព្ទផ្ទាល់ ទៅលោក ថោងលួន ស៊ីស៊ូលី ពេលនោះលោកនៅជានាយករដ្ឋមន្រ្តីឡាវ ដើម្បីទាមទារឱ្យឡាវដកកងទ័ពចេញពីតំបន់នោះ។ នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានព្រមព្រៀងដកទ័ព និងបានសន្យាថានឹងបន្តចរចារលើកិច្ចការព្រំដែននៃប្រទេសទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ផ្តោតសំខាន់ទៅលើកិច្ចការព្រំដែន អប់រំ កិច្ចសហប្រតិបត្តិការវប្បធម៌ និងកិច្ចបញ្ជាទិញអគ្គីសនីពីកម្ពុជា។

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ សមេ្តចតេជោ ហ៊ុន សែន បានជួបជាមួយអតីតប្រធានាធិបតីឡាវ លោក Bounhang Vorachit នៅភ្នំពេញ។ ក្នុងជំនួបនោះ ប្រមុខដឹកនាំនៃប្រទេសទាំងពីរ បានលើកឡើងអំពីការពង្រឹងកិច្ចសហប្រតិបត្តិការយុទ្ធសាស្រ្ត ក្នុងកិច្ចការពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសន្តិសុខ នៅតាមបណ្តោយព្រំដែនផងដែរ។ ហើយក្នុងឆ្នាំ២០១៩ ប្រទេសទាំងពីរក៏បានចេញសេចក្តីថ្លែងការរួម លើកិច្ចសហប្រតិបត្តិការរួមគ្នា ដែលគោរពលើគោលការណ៍មិនលូកដៃក្នុងនយោបាយផ្ទៃក្នុងគ្នា មិនប្រើប្រាស់អាវុធ ការដោះស្រាយបញ្ហាដោយសន្តិវិធី និងការអនុញ្ញាតិឱ្យកងទ័ពបរទេស បោះទីតាំងទ័ពក្នុងទឹកដីរបស់ខ្លួន។

ឡាវ និងកម្ពុជា មានទំនាក់ទំនងស្ថិរភាព និងល្អនឹងគ្នា បើទោះមានជម្លោះព្រំដែន កាលពីឆ្នាំ២០១៧ ក្តី កម្ពុជាគួរតែបន្តកិច្ចសហប្រតិបត្តិការល្អនឹងគ្នាបន្ថែមទៀត ទោះជាឡាវស្ថិតក្នុងគន្លងឥទ្ធិពលវៀតណាម និងចិនក៏ដោយ។ កិច្ចសហប្រតិបត្តិការប្រឆាំងនឹងជំងឺកូវិដ១៩ តាមរយៈការផ្តល់ម៉ាស់ចំនួន ២លានម៉ាស់ និងបរិក្ខាពេទ្យដទៃទៀតពីរដ្ឋាភិបាលកម្ពុជា ជូនដល់រដ្ឋាភិបាលឡាវ ក្នុងយុទ្ធនាការប្រឆាំងនឹងជំងឺនេះ កាលពីខែវិច្ឆិកា ឆ្នាំ២០២០។

កិច្ចការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវបានរាំងស្ទះដោយជំងឺកូវីដ១៩ និងបញ្ហាព្រំដែន នៅតែជាបញ្ហាចោទ រវាងប្រទេសទាំងពីរ ដែលទាមទារឱ្យថ្នាក់ដឹកនាំប្រទេសទាំងពីរខិតខំដោះស្រាយ តាមរយៈការកសាងទំនុកចិត្តរវាងគ្នានិងគ្នា ជាពិសេសទំនាក់ទំនងផ្ទាល់រវាងថ្នាក់ដឹកនាំទាំងពីរ។ ការជួយជ្រោមជ្រែងប្រព័ន្ធពហុភាគីនិយមក៏នៅតែជាកត្តាសំខាន់ សម្រាប់ប្រទេសទាំងពីរ ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការសន្តិសុខ ស្ថិរភាពតំបន់ និងសកលលោក និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩។

***********

វាគ្មិន៖ លោក​ ថុង ម៉េងដាវិត អ្នកស្រាវជ្រាវនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI)
សម្របសម្រួល៖ អ្នកនាង ឡាក់ លីលី

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner