ប្រទេសមហាអំណាចពិភពលោក និងអ៊ីរ៉ង់ធ្វើកិច្ចចរចាប្រកបដោយលក្ខណៈស្ថាបនា ស្តីពីការធ្វើកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ

អូទ្រីស៖ អ៊ីរ៉ង់ និងបណ្ដាប្រទេសមហាអំណាចបានរៀបចំនូវអ្វីដែលខ្លួនបានរៀបរាប់ជាកិច្ចពិភាក្សាប្រកបដោយលក្ខណៈស្ថាបនា នៅថ្ងៃអង្គារនេះ ហើយបានឯកភាពគ្នាថានឹងបង្កើតក្រុមការងារមួយដើម្បីពិភាក្សាបន្តពីទណ្ឌកម្មអាមេរិក និងការត្រលប់មកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញរបស់អ៊ីរ៉ង់ ។

កិច្ចពិភាក្សាខាងលើ ដែលមានគោលបំណងស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឡើងវិញធ្វើឡើងនៅក្នុងទីក្រុងវីយ្យែន ប្រទេសអូទ្រីស ដោយមានការចូលរួមពីអ្នកតំណាងអ៊ីរ៉ង់ ចិន រុស្ស៊ី អាល្លឺម៉ង់ បារាំង និងអង់គ្លេស ខណៈដែលសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងកិច្ចពិភាក្សានេះឡើយ ។ អ្នកតំណាងអ៊ីរ៉ង់លោក អាបាស់ អារ៉ាកឈី បាននិយាយថា កិច្ចពិភាក្សាក្នុងទីក្រុងវីយ្យែន គឺមានលក្ខណៈស្ថាបនា… ហើយកិច្ចពិភាក្សារបស់យើងនៅពេលបន្ទាប់ នឹងត្រូវធ្វើឡើងនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងក្នុងតំបន់) ។

កិច្ចពិភាក្សានេះដែរធ្វើឡើងបន្ទាប់ពីរដ្ឋបាលអាមេរិកថ្មីរបស់លោក ចូ បៃដិន និងអ៊ីរ៉ង់បានបង្ហាញពីចេតនាត្រឡប់មកអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ តែពួកគេសុទ្ធតែដាក់លក្ខខណ្ឌដាក់គ្នាទៅវិញទៅមក ។ សហរដ្ឋអាមេរិកតម្រូវឱ្យអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញូម រីឯអ៊ីរ៉ង់ទាមទារឱ្យលោក បៃដិន ដកទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ដែលនៅសល់ពីជំនាន់លោក ដូណាល់ ត្រាំជាមុនសិន ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner