ថវិកា២០០លានរៀលដែលជាបច្ច័យរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា មាតាសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានប្រគល់ជូនមូលនិធីគន្ធបុប្ផាកម្ពុជា

នៅព្រឹកថ្ងៃទី៧មេសា ឆ្នាំ២០២១ លោកស្រី ប៊ុន សុថា ជាប្អូនស្រីពៅរបស់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាននាំយកនូវថវិកាជាបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ចំនួន ២០០លានរៀល ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ។ ពិធីប្រគល់អំណោយជាទឹកប្រាក់សប្បុរសធម៌នោះ ក៏មានការចួលរួមផងដែរពី លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាប្រធានលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា និងលោកវេជ្ជបណ្ឌិត ដេនិស ឡូរ៉ង់ (Denis Laurent) តំណាងមន្ទីរពេទ្យគន្ធបុប្ផា និងក្រុមការងារមួយចំនួនទៀត ។

នៅក្នុងឱកាសនោះ លោកស្រី ប៊ុន សុថា បានមាន ប្រសាសន៍ថា លោកស្រីពិតជាមានសេចក្តីរីករាយក្រៃលែង ដែលបាននាំនូវអំណោយសប្បុរសធម៌របស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី មកផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមចំណែកជួយទ្រទ្រង់ដល់ការព្យាបាលកុមារកម្ពុជាទូទាំងប្រទេសដែលមានបញ្ហាដោយជំងឺផ្សេងៗ។

លោកស្រីបានមានប្រសាសន៍បន្តទៀតថា តាមរយៈថវិកាសប្បុរសធម៌នោះ គឺជាថវិកាដែលទទួលបានពីបច្ច័យនៃមហាបុណ្យកុសលរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សម្រាប់ទុកបរិច្ចាគចូលរួមចំណែកក្នុងវិស័យមនុស្សធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយសង្គ្រោះដល់កុមារកម្ពុជា។ លោកស្រីបានបន្តថា នោះគឺជាអំណោយថវិកាលើកទី២ផងដែរ ដែលកាលពីលើកទី១ បានចូលរួមចំណែកជូនចំនួន ៥ម៉ឺនដុល្លារផងដែរ។

ក្នុងនាមមូលនិធិគន្ធបុប្ផាកម្ពុជា លោក ចន ណារិទ្ធ បានថ្លែងអំណរគុណចំពោះសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រមទាំងមហាគ្រួសារទាំងមូលនៃសម្ដេចទាំងទ្វេ ដែលបានចាត់ឱ្យលោកស្រី ប៊ុន សុថា បាននាំយកថវិកាជាបច្ច័យនៃមហាកុសលបុណ្យរបស់អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ផ្ដល់ជូនមន្ទីរពេទ្យគន្ធបុប្ផា តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner