បញ្ចប់ការកែលម្អស្ថាបនា ផ្លូវលេខ១៣៥ ដោយក្រាលកៅស៊ូ DBST. ឲ្យប្រសើរឡើងវិញ ប្រវែង ៦៥០ម៉ែត្រ ពីចំណុចផ្លូវលេខ៣មុខធនាគារABAទៅភ្ជាប់ជាមួយផ្លូវលេខ៤ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង

ក្នុងការចុះពិនិត្យមើលការកែលម្អនិងការថែទាំផ្លូវឲ្យប្រសើរឡើងវិញ នៅព្រឹក ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានសំដែងការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ដែលកំពុងតែមមាញឹកខិតខំប្រឹងប្រែងកិច្ចការងាររបស់ខ្លួនយ៉ាងសស្រាក់សស្រាំ ក្នុងការកែលម្អផ្លូវមួយខ្សែនេះបានប្រសើរឡើងវិញក្រោយពីទទួលរងនូវការខូចខាតកាលពីរដូវវស្សាឆ្នាំមុន។

       លោក ព្រួញ រិទ្ធថា ប្រធានមន្ទីសាធារណការខេត្តបានឲ្យដឹងថាៈកំណាត់ផ្លូវលេខ១៣៥ ពីចំណុចផ្លូវលេខ៣ ទល់មុខធនាគារABAដើម្បីតភ្ជាប់ជាមួយផ្លូវលេខ៤ ស្ថិតក្នុងសង្កាត់ស្វាយប៉ោទីប្រជុំជនក្រុង-ខេត្តបាត់ដំបង ដែលមានប្រវែង ៦៥០ម៉ែត្រ ដោយក្រាលកៅស៊ូDBSTនេះ មន្ទីរបានប្រើប្រាស់រយៈពេល០១ខែ ដើម្បីធ្វើការកែលម្អឲ្យប្រសើរឡើងវិញ។ដោយក្នុងនោះ មន្ទីរជំនាញ ក៏បានរៀបចំស្តារប្រព័ន្ធលូ និងកាយប្រឡាយមួយខ្សែនៅអមផ្លូវផងដែរ។

        លោកប្រធានមន្ទីរសាធារណការ ខេត្តបាត់ដំបងក៏បានគូសបញ្ជាក់បន្ថែមផងដែរថា៖ កន្លងមកនេះមន្ទីរទទួលបាននូវគម្រោងកែលម្អជួសជុលនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវខេត្ត ដែលទទួលរងប៉ះពាល់ និងខូចខាតដោយទឹកជំនន់ឆ្នាំ២០២០ កន្លងមក ដោយទទួលបាននូវកញ្ចប់ថវិកា ពីរាជរដ្ឋាភិបាលតាមរយៈក្រសួងគឺមានចំនួន១៥គម្រោង ក្នុងនោះផ្លូវកៅស៊ូDBST ប្រវែងសរុបជិត១១គីឡូម៉ែត្ត, ផ្លូវក្រួសក្រហមLaterite ប្រវែងជាង២២គីឡូម៉ែត្រ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តនិងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ក៏បានបន្តធ្វើការកែលម្អជួសជុលថែទាំឡើងវិញ ដោយបានចាក់ក្រាលនូវកៅស៊ូ បេទីមមីន័រ (Overlay AC )ក្នុងទីប្រជុំខេត្ត បានប្រមាណជិត១០គីឡូម៉ែត្រ ជាបន្តបន្ទាប់ផងដែរ។

      ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង ក៏បានជំរុញដល់មន្ត្រីជំនាញរបស់មន្ទីរត្រូវធ្វើការជួសជុលនិងកែលម្អផ្លូវឲ្យមានគុណភាព ដោយធានាទាំងគុណភាពនិងការប្រើប្រាស់ ឲ្យបានយូរអង្វែង។ ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានចែកអំណោយដល់បងប្អូនកម្មករនិងមន្ត្រីក្រុមការងារនៅទីនោះ ដោយក្នុងម្នាក់ៗទទួលបាននូវមី១កេស និង ទឹកសុទ្ធ១យួរ។

      ដោយឡែក នៅព្រឹកថ្ងៃដដែលនេះដែរ ឯកឧត្តម  ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជំនាញសំខាន់ៗមួយចំនួន ក្នុងខេត្ត ដើម្បីចុះពិនិត្យស្ពានថ្មថ្មី១៣មករាដែលស្ថិតនៅមុខសាលាខេត្តបាត់ដំបង ដែលទើបកសាងរួចរាល់និងគ្រោងបើកឲ្យធ្វើចរាចរជាសាធារណៈបណ្តោះអាសន្ននូវយានជំនិះ គ្រប់ប្រភេទ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅមុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដោយកំណត់ឲ្យប្រើប្រាស់ជា”ស្ពានឯកទឹស” គឺ៖ ជាស្ពានឆ្លង ធ្វើដំណើរចេញ ទៅទិសខាងកើត។ព្រមទាំងពិនិត្យមើលនូវការរៀបចំគំនូសផ្លូវ ការរៀបចំនូវស្លាកសញ្ញាបញ្ចៀសទិសនិង កំណត់ទិសចរាចរ ស្លាកហាមឃាត់ធ្វើចរាចរផ្សេងៗទៀត។ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានជម្រុញឲ្យមន្ទីរសាធារណការខេត្តបាត់ដំបងខិតខំពន្លឿនក្នុងការដាក់ស្លាកទិសចរាចរ នៅតាមដងផ្លូវ និងគល់ក្បាលស្ពានទាំង២ ដែលបានកំណត់ជា”ស្ពានឆ្លងឯកទឹស”ឲ្យបានទាន់នៅមុនថ្ងៃបើកឲ្យធ្វើចរាចរទៅ-មក មុនថ្ងៃបុណ្យចូលឆ្នាំខ្មែរឆាប់ៗខាងមុខនេះ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner