កងកម្លាំងបោសសំអាតគ្រាប់យុទ្ធភណ្ឌ បានស្រង់នាវាចម្បាំង ដែល​លិចតាំងពីសម័យសង្រ្គាម ចេញពីទឹក ទន្លេមេគង្គ មកលើគោក

អត្ថបទដោយ៖
ជា សេឌី

នាវាចម្បាំង ដែលបានលិចនាសម័យសង្គ្រាម នាអំឡុងឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ នៅក្នុងភូមិសាស្ត្រ ត្រង់ចំណុចបណ្តោយដងទន្លេមេគង្គ  ស្ថិតក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានធ្វើពិធីស្រង់ឡើង នាព្រឹកថ្ងៃទី០៧  ខែមេសា  ឆ្នាំ២០២១ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាប្រចាំការ ក្រសួងការពារជាតិ និងប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ តំណាងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អមដំណើរ ដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម និងតំណាងអភិបាល មកពីខេត្តកណ្តាល ។

ឧត្តមសេនីយ៍ទោ ម៉ី សុភា មេបញ្ជាការបោសសម្អាតគ្រាប់មិនទាន់ផ្ទុះ នៃមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) បានឲ្យដឹងថា ប្រតិបត្តិ ការស្រង់នាវាចម្បាំងមួយនេះ មានគ្រាប់ប្រមាណ ៩០ភាគរយ មិនទាន់ផ្ទុះ ដែលមានសភាពល្អ  នឹងត្រូវដោះបន្សាប សម្រាប់ទុកដាក់តាំង ក្នុងសារមន្ទីរ ។ ដោយឡែក បំណែកគ្រាប់សេសសល់ប្រមាណជា ១០% ទៀត គឺជាគ្រាប់ខូច និងពុកផុយ មិនអាចធ្វើការដោះបន្សាបបាន នឹងធ្វើការកំទេចចោល ។

      ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម បានសម្តែងនូវអំណរអរគុណ និងថ្លែងនូវសេចក្ដីរីករាយបំផុត ចំពោះ ក្រុមការងារបច្ចេកទេសទាំងអស់ ដែលបានរួមសហការល្អ ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធ ហើយបានចូលរួមក្នុងសកម្មភាព ប្រវត្តិសាស្ត្រមួយនេះ ប្រកបដោយស្មារតីប្រុងប្រយ័ត្ន និងធានាបាននូវសុខសុវត្ថិភាព ទាំងអស់គ្នា ។

ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានចាត់ទុកថា ប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលបានកប់នៅក្រោមផ្ទៃទឹក នៅចំណុចនេះ គឺជាស្នាដៃប្រវត្តិសាស្ត្រមិនធ្លាប់មានកន្លងមក សម្រាប់កម្ពុជា ។ លើសពីនេះទៅទៀតនោះ ប្រតិបត្តិការនេះ ក៏បានបង្ហាញថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ មិនត្រឹមតែបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅលើដីគោកនោះឡើយ ។

សូមបញ្ជាក់ផងដែរ  ក្នុងការស្រង់គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ  ក្រុមជំនាញ បានប្រមូលគ្រាប់ជាច្រើនប្រភេទ សរុបប្រមាណជាង ១៦តោន ។ ដោយឡែក ក្រៅពីគ្រាប់យុទ្ធភណ្ឌ ក៏បានរកឃើញសាកសពមនុស្ស  ដែលស្លាប់បាត់បង់ជីវិត នៅក្នុងនាវានោះ ផងដែរ ។

គួររំលឹកថា ផងដែរថា បន្ទាប់ពីក្រុមហ៊ុនបូមខ្សាច់មួយ បានប្រទះឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ជាច្រើនគ្រាប់ ក្នុងនោះមាន ៖ គ្រាប់ AK57 ចំនួន ៣គីឡូក្រាម  គ្រាប់៦០មីលីម៉ែត្រ ចំនួន១៦គ្រាប់ និងគ្រាប់ ៨០មីលីម៉ែត្រ ចំនួន ១គ្រាប់ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីស៊ីម៉ាក់ រួមជាមួយក្រុមជំនាញមុជទឹក បានចុះពិនិត្យទីតាំងនោះ ក្នុងជម្រៅប្រមាណជា ១៩ម៉ែត្រ ។ ជាលទ្ធផល ក្រុមជំនាញ បានប្រទះឃើញទ្រង់ទ្រាយជាម៉ារីន ឬនាវាចម្បាំង ០១គ្រឿង បានលិចកប់ក្នុងបាតទន្លេ ។ បន្ទាប់មក ក៏បានសុំគោលការណ៍ពីសម្ដេចតេជោ បង្កើតនូវគណៈកម្មការអន្តរក្រសួង ដើម្បី ចុះប្រតិបត្តិការស្រង់យកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ពីនាវាចម្បាំងមួយនេះ  នៅចុងខែតុលា ឆ្នាំ២០២០ ដែលបេសកកម្មជាប្រវត្តិសាស្ត្រ ត្រូវបានបញ្ចប់ នាពេលនេះ ផងដែរ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner