អគ្គលេខាធិការរង UN ថ្លែងអំណរគុណសម្ដេចតេជោ ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP

ការថ្លែងអំណរគុណរបស់លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា (Armida Salsiah Alisjahbana) អគ្គលេខាធិការរងនៃអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់តំបន់អាស៊ីនិងប៉ាស៊ីហ្វិក (United Nations Economic and Social Commission for Asia and the Pacific) បានធ្វើឡើងនៅក្នុងកិច្ចប្រជុំជាមួយ លោកទេសរដ្ឋមន្ត្រីលី ធុជា តាមប្រពន្ធ័វីដេអូ។ កិច្ចប្រជុំនោះ ធ្វើឡើង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និង UN-ESCAP និងពិភាក្សាការងារត្រៀមរៀបចំសន្និបាតប្រចាំឆ្នាំលើកទី ៧៧ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី និងប៉ាស៊ីហ្វិក នៃអង្គការសហប្រជាជាតិ (UN-ESCAP) ក្រោមប្រធានបទ “ការស្តារឡើងវិញក្រោយវិបត្តិតាមរយៈកិច្ចសហប្រតិបត្តិការតំបន់ នៅក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក” ដែលគ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៩មេសា ឆ្នាំ២០២១។

ក្នុងកិច្ចប្រជុំនោះ លោកស្រី អារមីដា សាល់ស៊ីយ៉ា អាលីសចាបាណា បានសម្តែងអំណរគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលផ្តល់កិត្តិយសថ្លែងនូវសុន្ទរកថាគន្លឹះបើកសន្និបាតប្រចាំឆ្នាំលើកទី៧៧ នៃ UN-ESCAP ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និង UN-ESCAP។ ជាមួយគ្នានោះ លោកស្រីបានសន្យាថា នឹងបន្តជម្រុញកិច្ចសហប្រតិបត្តិការនោះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការរង UN ក៏បានអញ្ចើញ លោកទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ថ្លែងសុន្ទរកថានាថ្ងៃទី២៨ មេសា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំមួយសម្រាប់បណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួច ផងដែរ។ ជាការឆ្លើយតប ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី លី ធុជ បានសន្យាថា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូ ក្នុងកិច្ចប្រជុំបណ្តាប្រទេសដែលមានការអភិវឌ្ឍតិចតួចនោះ។ ជាមួយគ្នានោះ លោកបានវាយតម្លៃខ្ពស់អំពីសារៈសំខាន់នៃសន្និបាតប្រចាំឆ្នាំលើកទី ៧៧ នៃ UN-ESCAP ដែលគ្រោងនឹងរៀបចំឡើងនៅទីក្រុងបាងកង ប្រទេសថៃ ព្រមទាំងបានជូនពរឲ្យការប្រព្រឹត្តិទៅនៃសន្និបាតនោះ ទទួលបានជោគជ័យ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបនឹងការងារប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ-១៩ ដូចជាវិធានការនានាទប់ស្កាត់ ដំណើរការចាក់ថ្នាំវ៉ាក់សាំង និងការផ្តល់សេវាសុខាភិបាលសម្រាប់អ្នកមានវិជ្ជមានកូវីដ-១៩ ជាពិសេសការជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក និងជីវភាពគ្រួសារក្រីក្រកម្រិត១ កម្រិត២ ដែលរងផលប៉ះពាល់ដោយសារជំងឺឆ្លងកូវីដ-១៩ ផង។

ជាមួយគ្នានោះ លោកស្រីអគ្គលេខាធិការរង ក៏បានរំលឹកអំពីអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់លោកស្រីលើកដំបូងកាលពីឆ្នាំ២០១៩ បន្ទាប់ពីលោកស្រីត្រូវបានតែងតាំងប្រធាន UN-ESCAP ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីរាជរដ្ឋាភិបាលកម្ពុជា។ សូមជម្រាបថា សម្តេចតេជោ នាយករដ្ឋមន្រ្តី គ្រោងនឹងថ្លែងសន្ទរកថាគន្លឹះក្នុងសន្និបាតលើកទី៧៧ នៃ UN-ESCAP ដែលនឹងអំពីការស្តារឡើងវិញនូវសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិកូវីដ-១៩៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner