អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ព្យាករណ៍ពីកំណើនសេដ្ឋកិច្ចរឹងមាំក្នុងឆ្នាំ២០២១នេះ ខណៈដែលរដ្ឋាភិបាលនានាបានចំណាយប្រាក់ដ៏ច្រើនដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ

បរទេស៖ អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា ការចាក់វ៉ាក់សាំងដែលកំពុងបង្កើនល្បឿន និងការចំណាយប្រាក់ដ៏ច្រើនរបស់រដ្ឋាភិបាលនានា ជាពិសេសនៅសហរដ្ឋអាមេរិក បានជំរុញទស្សនវិស័យសម្រាប់សេដ្ឋកិច្ចពិភពលោក ។

ចក្ខុវិស័យសេដ្ឋកិច្ចពិភពលោករបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ឥឡូវនេះមើលឃើញកំណើនសេដ្ឋកិច្ចពិភពលោក៦,០ភាគរយក្នុងឆ្នាំ២០២១នេះ បន្ទាប់ពីធ្លាក់ចុះ៣,៣ភាគរយក្នុងឆ្នាំ២០២០ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ១៩ ដែលវាជាការធ្លាក់ចុះដ៏អាក្រក់បំផុ តចាប់តាំងពីមហាវិបត្តិសេដ្ឋកិច្ចកាលពីមួយសតវត្សរ៍កន្លងទៅ ។ ប្រធានសេដ្ឋវិទូរបស់អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី ហ្គីតា ហ្គោពីណាតនិយាយថា ការឆ្លើយតបរបស់រដ្ឋាភិបាលនានាយ៉ាងឆាប់រហ័ស ក្នុងនោះរួមមានថវិកាសាធារណៈសរុបចំនួន១៦លានលានដុល្លារ បានទប់ស្កាត់លទ្ធផលដ៏មហាអាក្រក់ ពោលគឺការដួលរលំសេដ្ឋកិច្ច ដែលអាចនឹងមានផលវិបាកធំជាងនេះរហូតដល់ទៅ៣ដង ។

លោកស្រីបានសង្កត់ធ្ងន់ថា វិបត្តិសុខភាពនៅតែជាកត្តាសំខាន់ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ហើយការចាក់វ៉ាក់សាំងយឺតយ៉ាវនៅក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន មិនត្រឹមតែបង្កឱ្យមានការរីករាលដាលនៃជំងឺកូវីដ១៩កាន់តែអាក្រក់ប៉ុណ្ណោះទេ ប៉ុន្តែក៏នាំឱ្យបញ្ហាអនាគតដ៏ស្មុគស្មាញសម្រាប់ប្រទេសទាំងនោះផងដែរ ។ បើតាមអង្គការ (IMF) នោះ សេដ្ឋកិច្ចរបស់ចិនដែលនៅតែមានកំណើនកាលពីឆ្នាំមុន ទោះជាពិភពលោករងគ្រោះដោយសារជំងឺកូវីដ១៩នោះ នឹងកើនឡើង៨,៤ភាគរយក្នុងឆ្នាំ២០២១នេះ ខណៈដែលតំបន់ចាយលុយអឺរ៉ូ ក៏នឹងឃើញផលិតផលក្នុងស្រុកសរុប (GDP) កើនឡើង៤,៤ភាគរយ ប្រសើរជាងការព្យាករណ៍គ្រាមុនផងដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner