អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ថ្លែងអំណរគុណសម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរផ្ដល់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនទាំងអស់ នៅក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដល់អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអតីតយុទ្ធជន និងជនពិការ ជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ រួមដំណើរដោយ ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល អញ្ជើញចុះពិនិត្យ ការចាក់វ៉ាក់សាំងជូនដល់ អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល នៅតំបន់ប្រតិបត្តិការសឹករងកណ្ដាល។

អតីតយុទ្ធជនកម្ពុជាខេត្តកណ្ដាល ដែលទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានថ្លៃអំណរគុណដល់សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ដែលបានគិតគូរពីសុខទុក្ខរបស់អតីតយុទ្ធជន ពិសេសក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ គឺជាការស្ម័គ្រចិត្តរបស់អតីតយុទ្ធជនកម្ពុជាទាំងអស់ ដើម្បីការពារខ្លួនឯងពីជំងឺកូវីដ-១៩ និងបញ្ចៀសបាននូវការចម្លងជំងឺកូវីដ-១៩ ទៅក្រុមគ្រួសារ និងអ្នកដទៃផ្សេងទៀត ហើយការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នេះ ក៏ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅទូទាំងប្រទេសផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានឱ្យដឹងថា ទូលទាំងខេត្តកណ្ដាលមានអតីតជន និងសមាជិកអតីតយុទ្ធជន ចំនួន ២៦៥១ នាក់ ដែលយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅទូទាំងខេត្តនឹងត្រូវបញ្ចប់នៅថ្ងៃទី៨ ខែមេសានេះ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner