ក្រសួងអប់រំ៖ កម្មវិធីអប់រំតាមវិទ្យុ ជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សា បើទោះសាលារៀនកំពុងបិទទ្វារក្តី

ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖ក្នុងអំឡុងពេលការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងអប់រំ យុវជន និងកីឡាបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីកម្មវិធីអប់រំតាមវិទ្យុ ដើម្បី ជួយឱ្យសិស្សជនជាតិដើមភាគតិចអាចបន្តការសិក្សា បើទោះសាលារៀនកំពុងបិទទ្វារក៏ដោយ។ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំបានឱ្យដឹងថា ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការ យូនីសេហ្វ កំពុង សហការគ្នាធានាឱ្យកុមារគ្រប់រូប ជាពិសេសកុមារដែលជួបការលំបាក និងមានឱកាសតិចតួច បន្តទទួលបានការ សិក្សា ខណៈដែលសាលារៀនត្រូវបិទទ្វារចំពេលមានការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ នាពេលបច្ចុប្បន្ននេះ។

ប្រភពខាងលើនេះបានបញ្ជាក់ថាអង្គការ យូនីសេហ្វ បានទិញវិទ្យុចំនួន ១.៦៤០ គ្រឿង សម្រាប់ផ្តល់ជូនសិស្សជនជាតិដើមភាគតិចនៅខេត្តភូមិភាគឦសាន គឺខេត្តក្រចេះ រតនគិរី និងមណ្ឌលគិរី។ សិស្សទាំងនេះកំពុងបន្តការសិក្សារបស់ពួកគេ តាមរយៈកម្មវិធីអប់រំពហុ ភាសាផ្សាយតាមវិទ្យុ របស់ក្រសួងអប់រំ យុវជន និងកីឡា ដែលជាទម្រង់មួយ ក្នុងចំណោមទម្រង់នៃការសិក្សាពី ចម្ងាយដែលក្រសួងអប់រំ យុវជន និងកីឡា ចាប់ផ្តើមអនុវត្ត តាំងពីពេលមានការរាតត្បាតជាសកលនៃជំងឺនេះ ដំបូងៗមកម្ល៉េះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា”អំឡុងពេលដ៏សែនលំបាកនេះខ្ញុំមានសេចក្តីសោមនស្សរីករាយដែលក្រសួងអប់រំ យុវជន និងកីឡា អាច សហការជាមួយយូនីសេហ្វ និងភាពជាដៃគូសកលសម្រាប់ការអប់រំ ដើម្បីផ្តល់ឱកាសសិក្សាពីចម្ងាយ ដែល ជាតម្រូវ ការចាំបាច់បំផុតរបស់កុមារជនជាតិដើមភាគតិច ដែលកំពុងទទួលបានការអប់រំពហុភាសា។ ដើម្បីសម្រេចបានលទ្ធ ផលពិតប្រាកដពីកម្មវិធីអប់រំពហុភាសាតាមវិទ្យុ វាជាការសំខាន់ណាស់ដែលមាតាបិតាត្រូវជួយឱ្យកូនៗរបស់ពួកគេ បន្តរៀនសូត្រ តាមរយៈការប្រើប្រាស់សេវាអប់រំដ៏មានតម្លៃនេះ”។

ក្រសួងអប់រំបានឱ្យដឹងបន្ថែមថា កម្មវិធីអប់រំពហុភាសាតាមវិទ្យុ ផ្តល់ការបង្រៀនតាមវិទ្យុដល់សិស្សដែលកំពុងទទួលបានការអប់រំពហុភាសា នៅកម្រិតមត្តេយ្យ និងបឋមសិក្សាជាភាសាគ្រឹង និងភាសាទំពួន ក្នុងខេត្តរតនគិរី និងភាសាប្លងក្នុងខេត្តមណ្ឌលគិរី។ មានសិស្សប្រមាណ ១.៥២៧នាក់មកពីសាលាបឋមសិក្សាចំនួន ៧៩ ដែលបច្ចុប្បន្ននេះពុំមានវិទ្យុប្រើប្រាស់ នឹងទទួលបានវិទ្យុមួយគ្រឿង ដែលធ្វើឱ្យគេអាចនាំយកការបង្រៀននេះទៅដល់ក្នុងផ្ទះរបស់ពួកគេតែម្តង។

លើសពី នេះ គ្រូមត្តេយ្យសហគមន៍ពហុភាសាចំនួន ៣៤នាក់ និងគ្រូបឋមសិក្សាពហុភាសា ៧០នាក់ ក៏នឹងទទួលបានវិទ្យុ សម្រាប់ប្រើប្រាស់ក្នុងការបង្រៀនរបស់ពួកគេក្នុងថ្នាក់រៀន ឬក្នុងអំឡុងពេលចុះអនុវត្តសកម្មភាពរៀន និងបង្រៀនពី ចម្ងាយផងដែរ។ វិទ្យុទាំងនេះនឹងត្រូវចែកជូនពួកគេ នៅដើមខែមេសា។(សូមមើលសេចក្តីប្រកាសព័ត៌មានខាងក្រោម)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner