ប្រដាល់សកល រំពឹងទទួលបានលទ្ធផលល្អ ពីស៊ីហ្គេម ឆ្នាំ២០២១ ក្រោយទទួលបានគ្រូបង្វឹកបរទេស៣រូប

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានបញ្ជាក់ តាមសាអេឡិចត្រនិច នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិកីឡាប្រដាល់សកលកម្ពុជា ចំនួន១២រូប បានប្រមូលផ្តុំហ្វឹកហាត់តាមផែនការក្រសួងអប់រំយុវជន និងកីឡា ចាប់តាំងពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១មកម្លេះ ដើម្បីត្រៀមលក្ខណៈចូលរួមប្រជែងដណ្តើមមេដាយជូនកម្ពុជា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ។


អគ្គលេខាធិការរូបនេះ បានបញ្ជាក់ថា ថ្វីត្បិតការប្រមូលផ្តុំហ្វឹកហាត់ នៅក្នុងឆ្នាំ២០២១នេះ យើងជួបបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ ដែលធ្វើឲ្យយើងត្រូវពន្យាពេលប្រមូលផ្តុំហ្វឹកហាត់ជាបន្តបន្ទាប់យ៉ាងណាក្តី ក៍យើងនៅតែមានរំពឹងខ្ពស់ថា ស៊ីហ្គេមឆ្នាំនេះ យើងនឹងទទួលបានលទ្ធផលល្អជាងស៊ីហ្គេមមុនៗ ដ្បិតនៅក្នុងឆ្នាំ២០២១នេះ សហព័ន្ធយើងទទួលបានគ្រូបរទេសដល់ទៅ៣រូប ជួយពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីជម្រើសជាតិ ។

អគ្គលេខាធិការ អះអាងទៀតថា គ្រូបរទេសទាំង៣រូបនេះ គឺ ជនជាតិ គុយបា ២រូប និងជនជាតិអង់គ្លេសមួយរូប ពួកគេសុទ្ធសឹងជាគ្រូដែលមានបទពិសោធន៍ ក្នុងការបង្ហាត់លើជំនាញប្រដាល់សកយ៉ាងជោគជាំ ។ ចំពោះការរៀបចំកម្មវិធីបង្ហាត់របស់គ្រូបរទេសទាំងនោះមានលក្ខណៈប្លែកពីកម្មវិធីហ្វឹកហាត់របស់គ្រូបង្វឹកខ្មែរយើងកន្លងមក ដោយហ្វឹកហាត់តែពេលព្រឹកទេ និងចែកចេញជា២វេន គឺពីម៉ោង៦ដល់ ម៉ោង៧ និង៣០នាទីព្រឹក និងវេនទី២ ហ្វឹកហាត់វេលាម៉ោង១០ ចំណែកឯពេលរសៀល គឺគ្រូទុកពេលឲ្យកីឡាករ កីឡាការិនីសម្រាក ដើម្បីស្តារឲ្យបាននូវថាមពលកម្លាំងឡើងវិញ ។

អគ្គលេខាធិការ ខាងលើបន្ថែមទៀតថា ចំពោះផែនការហ្វឹកហាត់នៅក្រៅប្រទេសវិញ សហព័ន្ធនៅតែរក្សាដដែល ដោយបន្តព្យាយាមគៀរគរថវិកាគំាទ្រនានា ជាពិសេសគឺតាមរយៈគោលការណ៍របស់ CAMSOC ក្នុងការផ្តល់ថវិកាគាំទ្រ សម្រាប់ប្រភេទកីឡាសក្តានុពលចេញទៅហ្វឹកហាត់នៅក្រៅប្រទេស ដែលកីឡាប្រដាល់សកលក៏ជាប្រភេទកីឡាសក្តានុពល ក្នុងការប្រជែងមេដាយស៊ីហ្គេម ដែរ ។

លោក បន្តថា សហព័ន្ធក៏បានទាក់ទងទៅនឹងសមាគមកីឡាប្រដាល់សកលអន្តរជាតិ (IBA) ដើម្បីស្នើសុំបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិរបស់យើងនៅក្រៅប្រទស ដែលយើងគិតថាប្រទេសណាមួយនោះស័ក្តិសមនឹងការបោះជំរុំហ្វឹកហាត់ គឺប្រទេសនៅតំបន់អឺរ៉ុប ។ ចំពោះចំនួនប៉ុន្មាននាក់ ឬការកំណត់មុខសញ្ញាថា តើកីឡាករ ឬកីឡាការិនីណាខ្លះ មិនទាន់ជ្រើសរើសនៅឡើយទេ ត្រូវការពេលវេលាសិក្សាសិន ដោយពិនិត្យមើលកីឡាករ កីឡាការិនី ដែលមានសក្តានុពលខ្ពស់ជាងគេ ក្នុងចំណោមក្រុមជម្រើសជាតិទាំងមូល» ។


សូមបព្ជាក់ថា សម្រាប់ផែនការវិន័យក្នុងការហ្វឹកហាត់ របស់ក្រុមជម្រើសជាតិប្រដាល់សកល គឺត្រូវតែគោរពឲ្យបានការហ្វឹកហាត់មិនអនុញ្ញាតឲ្យដើរសេរីទេ ដើម្បីបង្ការការរីករាលដាលនៃជំងឺកូវីដ-១៩ ។ ប្រសិនបើមិនគោរពនូវវិន័យនោះទេ គឺសហព័ន្ធនឹងមានវិធានការណែនាំ តែបើនៅមិនអនុវត្ត ត្រូវ ឲ្យសម្រាកនៅផ្ទះមួយរយៈ ហើយនៅតែរឹងទទឹង អាចប្រឈមនឹងវិធានការក្តៅ ដូចជា ការព្យួរ ឬដកចេញពីក្រុមជម្រើសជាតិតែម្តង ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner