ក្រសួងការងារ បើកមណ្ឌលចាក់វ៉ាក់សាំង ៤ទីតាំងបន្ថែមទៀត ដើម្បីចាក់ជូនកម្មករកាត់ដេរ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ នាព្រឹកថ្ងៃទី៩មេសា ឆ្នាំ២០២១ បានបើកដំណើរការមណ្ឌលចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ និងបុគ្គលិកសហព័ន្ធសហជីព សហភាពសហជីព សមាគមនិយោជក និងអង្គការវិជ្ជាជីវៈនានា ជាពិសេសកម្មករនិយោជិតខ្មែរ និងបរទេស ចំនួន៤ទីតាំងបន្ថែមទៀត នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ទីតាំងទាំង៤នោះ រួមមាននៅ សួនឧស្សាហកម្មវឌ្ឍនៈ១ ផ្លូវវេងស្រេង, រោងចក្រសិនចូវ ផ្លូវវេងស្រេង, សួនឧស្សាហកម្មវឌ្ឍនៈ២ ផ្លូវជាតិលេខ៣, និងរោងចក្រ Marvel។

យុទ្ធនាការចាក់វ៉ាក់សាំងនោះ រៀបចំឡើងដោយអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងគោលបំណងដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងធានាឱ្យបាននូវសុខភាព សុខុមាលភាព និងសុវត្ថិភាពជូនដល់មន្ត្រីរាជការ សហជីព និយោជក និងបងប្អូនកម្មករ និយោជិតទាំងអស់គ្នា។ ដំណើរការនៃការផ្តល់វ៉ាក់សាំងបានប្រពឹត្តិទៅដោយរលូន ប្រកបដោយស្មារតីអនុគ្រោះកម្រិតខ្ពស់ រក្សាឱ្យបាននូវសុវត្ថិភាព ដោយអនុវត្តតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាលយ៉ាងម៉ត់ចត់។

លោកហេង សួរ រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា មណ្ឌលចាក់វ៉ាក់សាំងចំនួន ៤ ទីតាំងដែលត្រូវបើកបន្ថែមទៀតនៅថ្ងៃទី៩មេសានេះ អាចនឹងចាក់ជូន កម្មករនិយោជិតប្រមាណ ៣ពាន់៥០០នាក់ ក្នុងមួយថ្ងៃ ។ លោកថា ក្នុងមួយថ្ងៃទាំង៨មណ្ឌល គេនឹងអាចចាក់ជូនកម្មករនិយោជិតកើនដល់ ៧ពាន់នាក់ក្នុងមួយថ្ងៃ។ លោកហេង សួរ បានបញ្ជាក់ថា បើតាមផែនការ ចាប់ពីសប្តាហ៍ក្រោយទៅ ក្រសួងគ្រោងនឹងពង្រីកមណ្ឌលចាក់វ៉ាក់សាំងបន្ថែមទៀត ដើម្បីអាចចាក់វ៉ាក់សាំងជូនកម្មករនិយោជិតឱ្យបាន ១ម៉ឺនទៅ១ម៉ឺន២ពាន់នាក់ក្នុងមួយថ្ងៃ។

លោក ហេង សួរ បញ្ជាក់បន្ថែមថា នៅរាជធានីភ្នំពេញ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់វ៉ាក់សាំង ចំនួន២០ម៉ឺនដូសក្នុងខែមេសានេះ ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺខេត្តកណ្តាលដែលក្រសួងត្រូវសម្រុកចាក់ជូនកម្មករ និយោជិត ព្រោះខេត្តកណ្ដាលមានភាពប្រទាក់ក្រឡាគ្នា មានការចេញចូលចម្រុះ។ លោកបានបន្តថា គេត្រូវគ្រប់គ្រងមជ្ឈមណ្ឌលពាណិជ្ជកម្មនៅរាជធានីភ្នំពេញ និងខេត្តកណ្ដាលឲ្យបានរឹងមាំសិន ទើបពង្រីកទៅកាន់ខេត្តដទៃទៀត គឺខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តតាកែវ ជាខេត្តគោលដៅដែលយើងកំណត់ជាខេត្តអាទិភាពបន្ទាប់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ទន្ទឹមនឹងនោះដែរ លោក ក៏បានអំពាវនាវឲ្យកម្មករនិយោជិតដែលមិនទាន់បានចាក់វ៉ាក់សាំង សូមមេត្តារួសរាន់ចុះឈ្មោះជាមួយរដ្ឋបាលរោងចក្រ និងរង់ចាំទទួលកម្មវិធីផ្តល់វ៉ាក់សាំង តាមការរៀបចំរបស់អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩ ជូនកម្មករនិយោជិត ដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និងការពារសហគមន៍ កុំឱ្យជំងឺកូវីដ-១៩ វាយលុកចូលទៅក្នុងខ្លួនឯង ចូលទៅក្នុងផ្ទះរបស់ខ្លួន និងចូលក្នុងសង្គមជាតិ ដែលអាចបង្កមហន្តរាយដល់សុខភាពសាធារណៈ ក៏ដូចជាមានការប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចជាតិរបស់យើងផងដែរ។

គួរជម្រាបថា អនុគណៈកម្មការចំពោះកិច្ចសម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនមន្ត្រីរាជការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំអង្គការវិជ្ជាជីវៈ កម្មករនិយោជិតតាមរោងចក្រ សហគ្រាស និងកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០២១ រួមមាន អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងសរុបចំនួន ៩ពាន់១១៦នាក់ ក្នុងនោះចាក់បានចំនួន ៨ពាន់៨៧៥នាក់ បរទេសចំនួន ៣៤៨នាក់។ អ្នកដែលគ្រូពេទ្យមិនអនុញ្ញាតឲ្យចាក់ចំនួន ២៤១នាក់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner