មន្រ្តីជាន់ខ្ពស់អង់គ្លេសនិយាយថា អង់គ្លេសមិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីផ្លាស់ប្តូរវិធានការរឹតត្បិតគម្លាតសង្គមនៅឡើយទេ
អង់គ្លេស៖ ចក្រភពអង់គ្លេសនៅមិនទាន់ឈានដល់ចំនុចដែលត្រូវការ ដើម្បីផ្លាស់ប្តូរវិធានការរឹតត្បិតគម្លាតសង្គម ដើម្បីទប់ស្កាត់ការរាតត្បាតនៃមេរោគCOVID-19 នៅឡើយនោះទេ នេះបើតាមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CGTN នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះ ថែមទាំងបានបញ្ជាក់ដែរថា រដ្ឋាភិបាលក្រុងឡុងដ៍ បាននឹងកំពុងធ្វើការពិចារណាឡើងវិញ ពាក់ព័ន្ធនឹងការបន្ធូរបន្ថយវិធានការរឹតត្បិតនៅថ្ងៃទី០៧ ខែឧសភាខាងមុខ ។ នៅដើមសប្តាហ៍នេះ បន្ទាប់ពីជាសះស្បើយពីជម្ងឺ COVID-19 និងត្រឡប់មកធ្វើកិច្ចការវិញនោះ នាយករដ្ឋមន្រ្តីអង់គ្លេសលោក បូរីស ចនសុន នៅក្នុងកិច្ចអត្ថាធិប្បាយដំបូងរបស់ខ្លួន បានសង្កត់ធ្ងន់អំពីស្ថានការណ៍ប្រទេសជាតិបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងហានិភ័យដល់កម្រិតកំពូល នៃការវាយលុកដោយជំងឺរាតត្បាតសកលនេះ ខណៈលោកបានអំពាវនាវឲ្យប្រជាជនកុំបាត់បង់ភាពអត់ធ្មត់ ចំពោះការបិទប្រទេសឲ្យសោះ ។
សូមបញ្ជាក់ថា នៅទូទាំងចក្រភពអង់គ្លេស ចំនួនអ្នកឆ្លងកើនឡើងដល់១៦ម៉ឺន១ពាន់១៤៥នាក់ ក្នុងនោះមានអ្នកជម្ងឺសរុប២ម៉ឺន១ពាន់៦៧៨នាក់ស្លាប់ ខណៈចំនួនអ្នកជាសះស្បើយឡើងវិញមិនបានបញ្ជាក់នោះទេ នេះបើតាមគេហទំព័រអន្តរជាតិ Worldometer នៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០៕