អភិបាលខេត្តតាកែវដាក់បទបញ្ជាម៉ឺងម៉ាត់ដល់គោលដៅត្រួតពិនិត្យការចេញចូលនៅតាមបណ្តាស្រុកជាប់ខេត្តកំពត កណ្តាល និងខេត្តកំពង់ស្ពឺ ត្រូវហាមឃាត់មិនអោយចេញចូលឆ្លងខេត្តបានជាដាច់ខាត

តាកែវ៖ អភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតចំពោះកងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរគ្រប់ផ្នែកពាក់ព័ន្ធ ដែលកំពុងតែឈរជើងត្រួតពិនិត្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅតាមគោលដៅប៉ុស្តិ៍ជាប់នឹងខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ ត្រូវតែហាមឃាត់ពួកគាត់មិនឱ្យមានការឆ្លងចូលមករវាងខេត្តនឹងខេត្តបានជាដាច់ខាត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩កាន់តែធ្ងន់ធ្ងរជាងនេះ ពិសេសខេត្តដែលជាតំបន់មានហានិភ័យខ្ពស់ ។

  ការដាក់បទបញ្ជានេះធ្វើឡើងនៅក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្ត ដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យពីស្ថានភាពចរាចរណ៍ នៅតាមបណ្តោយផ្លូវជាតិលេខ២ និងលេខ៣តាមបណ្តាស្រុកជាប់ព្រុំប្រទល់នឹងខេត្តតាកែវ នាព្រឹកថ្ងៃសុក្រ ទី០៩ ខែមេសា ឆ្នាំ២០២១នេះ ។

  ឯកឧត្តម អ៊ូច ភា បានគូសបញ្ជាក់ថា ការរាំងខ្ទប់ការធ្វើដំណើរឆ្លងកាត់ខេត្តឬចូលមកខេត្តនានា ទូទាំងប្រទេស តាមរយៈសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល គឺក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាល ដាលជំងឺកូវីដ១៩នេះ ចូលសហគមន៍យើងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត ណាមួយស្ថានភាពជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពូជាមិនទាន់ថមថយនៅឡើយ ដែលតម្រូវអោយយើងទាំងអស់គ្នារួមការពារទប់ស្កាត់ជំងឺឆ្លងនេះ ជាមួយនឹងការអនុវត្តតាមការណែនាំក្រសួងសុខាភិបាល ពិសេសវិធានការណ៍៣កុំ និង៣ការពារអោយបានត្រឹមត្រូវ ។

  ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ចំពោះគោលដៅដែលកំពុងតែដាក់នៅតាមចំណុចផ្លូវជាតិលេខ២និងចំណុចផ្លូវជាតិលេខ៣ សូមកងកម្លាំងសមត្ថកិច្ចដែលមានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកដឹកនាំផ្ទាល់ ត្រូវតែអនុវត្តសេចក្តីសេចក្តីសម្រេចស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសជាបណ្តោះអាសន្នដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩នេះអោយមានប្រសិទ្ធិភាពនិងការទទួលខុសត្រូវខ្ពស់ ពោលគឺមិនត្រូវមានភាពយោគយល់ ដល់ប្រជាពលរដ្ឋណាម្នាក់ឡើយ បើគាត់មកពីកន្លែងណាតម្រូវឱ្យគាត់ទៅកន្លែងនោះវិញ គឺហាមដាច់ខាតការឆ្លងចូលខេត្ត ចាប់ពីថ្ងៃទី០៧ដល់ថ្ងៃទី២០ខែមេសា។

  បើតាមឯកឧត្តម អ៊ូច ភា ការចេញចូល ឬធ្វើដំណើរឆ្លងកាត់មកខេត្តឬចូលមកខេត្តបាន ចំពោះតែប្រភេទរថយន្តដឹកទំនិញគ្រប់ប្រភេទ ការធ្វើដំណើររបស់មន្រ្តីរាជការសាធារណៈថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដោយត្រូវបង្ហាញឯកសារឬលិខិតបេសកកម្មច្បាស់លាស់ រថយន្តសង្រ្គាះបន្ទាន់ រថយន្តពន្លតអគ្គីភ័យ រថយន្តដឹកសម្រាមនិងកាកសំណល់ ការដឹកជញ្ជូនកម្មករទៅទីកន្លែងនៅតាមរោងចក្រ សហគ្រាស ដែលមានប័ណ្ណអនុញ្ញាតចេញដោយក្រសួងការងារ។ល។ ព្រមជាមួយគ្នានេះដែរ ឯកឧត្តមក៏បានអំពាវនាវនឹងសុំយោគយល់ពីសំណាក់បងប្អូនប្រជាពលរដ្ឋ សូមកុំទាន់ធ្វើដំណើរមកលេងស្រុកកំណើត នៅក្នុងរយៈពេលនៃការបិទការធ្វើដំណើរនេះ សូមបន្តស្នាក់នៅដដែល ដើម្បីរួមគ្នាទប់ស្កាត់ជំងឺកូវីដ១៩ និងមិនមែនជាភ្នាក់ងារចម្លងកូវីដ១៩ ដល់បងប្អូនសាច់ញាតិនៅស្រុកកំណើតរបស់យើងឡើយ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner