រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត នៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

នៅល្ងាចថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០១នាក់ទៀត ជាករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០ គឺឈ្មោះ ចាប់ នី ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ។ តាមរយៈរបាយការណ៍របស់ក្រុមការងារ ពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្តែនQR Code នៅព្រំប្រទល់ខេត្តសៀមរាប និងខេត្តកំពង់ធំ បានឱ្យដឹងថា លោកស្រីបានធ្វើដំណើរតាមរយៈរថយន្តក្រុងម៉ាកហ៊ីយ៉ាន់ដាយ ស្លាកលេខ 3D-9211 ពណ៌ ចម្រុះ(ស -ក្រហម) ដែលមានអ្នករួមដំណើរជិះក្នុងរថយន្តសរុប១៩នាក់ ដោយបានចេញពីខេត្តស្វាយរៀង ឆ្លងកាត់រាជធានីភ្នំពេញ ឆ្ពោះមកកាន់ខេត្តសៀមរាប កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១។

ពាក់ព័ន្ធនឹងករណីវិជ្ជមានជំងឺកូវីដថ្មីនេះ រដ្ឋបាលខេត្ត បានសម្រេចចាត់វិធានការបិទទីតាំងមួយចំនួនរួមមាន៖ ផ្សារភូមិភាគបួន ស្ថិតភូមិខៀន សង្កាត់គោកចក , មន្ទីរសម្រាកព្យាបាល ឆាយ លាង ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប និងទីតាំងមួយចំនួនដែលនឹងជូនដំណឹងនាពេលបន្ទាប់ និង អំពាវនាវដល់អ្នករួមដំណើរទាំង១៩នាក់ ក្នុងរថយន្តក្រុង រួមទាំង អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោលជាមួយអ្នកវិជ្ជមាន ឬក្រុមគ្រួសារអ្នករួមដំណើរខាងលើ សូម រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នក ដទៃជាដាច់ខាត ហើយប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤ / ០៧៧ ៧៨៩ ០០១ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

គួររំលឹកថា គិតមកទល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ នៅខេត្តសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១០នាក់ និង អ្នកកំពុងសម្រាកព្យាបាលចំនួន ១១ នាក់ ជាករណីជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ប៉ុន្តែគ្មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner