ARDB , AIMS និង AMK ជួបប្រជុំគ្នាដើម្បីរៀបចំកម្មវិធីចុះអនុស្សរណៈក្នុងគោលបំណងផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់ប្រសើរ

ភ្នំពេញ ៖ កាលពីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នេះ តាមរយៈកម្មវិធីប្រព័ន្ធ Zoom នៅធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) មានរៀបចំកម្មវិធីចុះអនុស្សរណៈស្តីពីការពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ។ កិច្ចប្រជុំតាមរយៈប្រពន្ធ័វីដែអូ Zoom ដោយមានការអញ្ជើញចូលរួមដោយ លោក បាន លឹម អគ្គនាយករង ជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជាមួយ លោក គា បូរាណ ប្រធាននាយកប្រតិបត្តិនៃគ្រឺះស្ថានមីក្រូហិរញ្ញវត្ថុ AMK និង លោក សំរិទ្ធិ សាកូរា តំណាងការិយាល័យគម្រោង (PMO)នៃគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ( AIMS ) ។

សូមបញ្ជាក់ថា គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដោយផ្តោតលើផលិតផលកសិកម្មចំនួន៤ប្រភេទរួមមាន៖ ១. បន្លែ ២. មាន់ស្រែ ៣. ស្រូវដែលមានគុណភាពខ្ពស់ ៤. ដំឡូងមី និង ៥. សូត្រឆៅ ដោយអនុវត្តក្នុងខេត្តចំនួន១៨ រួមមាន៖ កណ្តាល តាកែវ កំពត កែប កំពង់ស្ពឺ ព្រៃវែង កំពង់ចាម កំពង់ធំ ត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងបៃលិន។ គម្រោងនេះ មានគោលដៅជំរុញកំណើនប្រកបដោយបរិយាប័ន្នលើទីផ្សារ និងគាំទ្រដល់ការផលិតជាលក្ខណៈខ្សែច្រវាក់ផលិតកម្ម ព្រមទាំងការអភិវឌ្ឍចង្កោមផលិតផលនីមួយៗតាមមូលដ្ឋាន ដល់ក្រុមកសិករខ្នាតតូច ។

អនុស្សរណៈនេះ មានគោលបំណង ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើការអនុវត្តគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) តាមរយៈការផ្តល់ឥណទានបន្តដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដើម្បីអនុវត្តការផ្តល់ឥណទានដល់អ្នកទទួលផលក្នុងតំបន់គោលដៅគម្រោងឱ្យកាន់ប្រសើរ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner