វ៉ាក់សាំងស៊ីណូវ៉ាក់ដែលថៃទិញពីចិនបញ្ជូនមកដល់ ជាលើកទី៣ សរុប២លានដូសហើយ
នាព្រឹកថ្ងៃសៅរ៍ ទី១០ មេសា ២០២១នេះ ភាគីថៃបានទទួលវ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ចំនួន១លានដូសទៀត ពីភាគិចិន ដោយបញ្ជូនមកដល់ចំណតអាកាសយានដ្ឋានសុវណ្ណភូមិ តាមជើងហោះហើរ China flight CA603 ពីក្រុងប៉េកាំង។
តំណាងរាជរដ្ឋាភិបាលលោកវេជ្ជបណ្ឌិត Withoon Danwiboon ដែលបានទទួលវ៉ាក់សាំងចិនបានអះអាងថា នេះគឺជាលើកទី៣ហើយដែលថៃបានទទួលពីចិននូវវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលខ្លួនបានបញ្ជាទិញពីក្រុមហ៊ុន Sinovac Life Sciences Co Ltd ក្នុងនោះ លើកទី១ បញ្ជូនមក២០ម៉ឺនដូសកាលពីខែកុម្ភៈ លើកទី២ ៨០ម៉ឺនដូសបញ្ជូនមក កាលពីខែមីនា។
លោកបន្ថែមទៀតថា នាចុងខែមេសានេះ វ៉ាក់សាំងចិន ស៊ីណូវ៉ាក់ ចំនួន៥០ម៉ឺនដូសមកបញ្ជូនមកដល់ថៃបន្ថែមទៀត៕