លោកយាយវ័យ៩៦ឆ្នាំ រស់នៅម្នាក់ឯង ត្រូវអគ្គីភ័យលេបត្របាក់ផ្ទះបាត់ទាំង សង្ខារ នៅខេត្តពោធិ៍សាត់

អត្ថបទដោយ៖
ហេង វណ្ណា

ពោធិ៍សាត់៖ លោកយាយវ័យ ៩៦ឆ្នាំម្នាក់ រស់នៅតែឯងគ្មានសាច់ញាតិ បានស្លាប់បាត់បង់ជីវិតក្រោមគំនរផេះផង់ បន្ទាប់ពីបង្កាត់ភ្លើងចង្ក្រានដាំទឹក ភ្លេចខ្លួនពន្លត់ក៏ឆេះរាលដល់ឆេះទាំងខ្លួន ឆេះទាំងផ្ទះអស់រលីង។

ហេតុការណ៍នេះបានកើតឡើង នាវេលាម៉ោង៣ និង៣០នាទីល្ងាច ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ នៅភូមិពោធិ៍ដំណាក់ ឃំុវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។
យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើ បណ្តាលឲ្យឆេះផ្ទះអស់ ចំនួន០១ខ្នង ធ្វេីអំពីឈេីប្រក់សង័្កសី ជញ្ជាំងក្តាលាយសង័្កសី ក្រាលក្តា ទំហំ៤ម×៥ម និងស្លាប់ម្ចាស់ផ្ទះឈ្មោះ រំដួល សួន ភេទស្រី អាយុ៩៦ឆ្នាំ រស់នៅភូមិ ឃំុ កេីតហេតុ។

សេចក្តីរាយការណ៍បន្តថា មូលហេតុបណ្តាលមកពីលោកយាយរងគ្រោះ ភ្លេចខ្លួនបង្កាត់ភ្លេីងចង្ក្រានដាំទឹកដាក់ចោល។ ករណីនេះកម្លាំងអន្តរាគមន៍ បានប្រេីប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន០២គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ របស់អធិការដ្ឋានស្រុកកណ្តៀងចំនួន០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការខេត្តពោធិ៍សាត់ ចំនួន០១គ្រឿង និងប្រេីប្រាស់ទឹកអស់ចំនួន០២រថយន្ត ទើបគ្រប់គ្រងស្ថានការណ៍បាន។ បច្ចុប្បន្នសាកសពលោកយាយរងគ្រោះ ត្រូវបានប្រគល់ជូនឈ្មោះ ហង់ វណ្ណា ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវជាញាតិក្នុងភូមិជាមួយគ្នា ដេីម្បីយកទៅចាត់ចែងតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា។

សូមបញ្ជាក់ថាកាលលោកយាយនៅមានព្រះជន្ម ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាថ្នាក់ដឹកនាំស្រុក តែងតែចុះសួរសុខទុក្ខនិងនាំយកស្បៀងអាហារប្រចាំខែផ្តល់ជូនលោកយាយ ដោយលើកហេតុផលថា ជាស្ត្រីទូរគតរស់នៅតែឯង គ្មានសាច់ញាតិបងប្អូន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner