ថៃទើបចាក់វ៉ាក់សាំង Sinovac និងAstraZenec ជូនពលរដ្ឋជិតកន្លះលាននាក់
នៅប្រទេសថៃ ប្រជាពលរដ្ឋជិតកន្លះលាននាក់ហើយដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីចុងខែកុម្ភៈ រហូតថ្ងៃទី៩ មេសា ដោយថៃកំពុងចាក់វ៉ាក់សាំង២ប្រភេទជូនពលរដ្ឋ គឺវ៉ាក់សាំងអង់គ្លេស AstraZeneca និងវ៉ាក់សាំងចិន Sinovac នេះបើតាមកមន្ត្រីរាជរដ្ឋាភិបាលបញ្ជាក់ នាថ្ងៃសៅរ៍ ទី១០ មេសា ២០២១នេះ។
អ្នកនាំពាក្យរងនៃរាជរដ្ឋាភិបាល Traisuree Taisaranakul បាននិយាយថា វ៉ាក់សាំង១លាន៣ម៉ឺន៨ពាន់២៥៦ដូសត្រូវបានចែកចាយទៅកាន់មន្ទីរពេទ្យនិងទីតាំងផ្សេងៗទៀត ទូទាំងប្រទេស ក្នុងនោះ វ៉ាក់សាំងអង់គ្លេសមាន៩៥២២០៥ដូស ខណៈដែលវ៉ាក់សាំងចិនមាន៨៦០៦០ដូស។ ចាប់តាំងពីថ្ងៃទី២៨ កុម្ភៈ រហូតមកដល់ថ្ងៃទី៩ មេសា វ៉ាក់សាំងសរុប៥៣៧៣៨០ដូសត្រូវបានបញ្ជូនទៅ៧៧ រាជធានី ខេត្ត។ ក្នុងចំណោមនេះ មាន៤៧ម៉ឺន៣០១ដូសត្រូវបានចាក់ជូនពលរដ្ឋសម្រាប់ដូសទី១រួចហើយ ខណៈដែលពលរដ្ឋ៦៧០៧៩នាក់បានទទួលដូសទី២រួច ដោយភាគច្រើនគឺជាបុគ្គលិកសុខាភិបាលជួរមុខ។
តំបន់ចាក់បានច្រើនជាងគេគឺបាងកក បន្ទាប់មក គឺសាមុតសាខន និងភូកេត៕