ក្រសួងយុត្តិធម៌ បើកកិច្ចប្រជុំគណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ ២០២០ នាទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំគណៈ កម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោសដល់ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ដែលប្រព្រឹត្ត ទៅនាថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២០ ខាងមុខនេះ។
ក្នុងកិច្ចប្រជុំនេះ គណៈកម្មការជាតិ ដើម្បីពិនិត្យបញ្ជីស្នើសុំបន្ធូរ បន្ថយទោស និងលើកលែង ទោសដល់ទណ្ឌិត បានពិនិត្យលើបញ្ជីស្នើសុំ បន្ធូរបន្ថយទោស និងលើកលែងទោសពីពន្ធនាគារ រាជ ធានី~ខេត្ត ចំនួន២០ និងពីមណ្ឌលអប់រំកែប្រែចំនួន៤ ដោយមានទណ្ឌិតសរុប ២៧៣នាក់ ក្នុងនោះ មានស្រី ២៤ នាក់ ។
សូមបញ្ជាក់ថា នៅព្រះរាជាណាចក្រកម្ពុជា មានការបន្ធូរបន្ថយទោស និងលើក លែងទោសដល់ទណ្ឌិតចំនួន ៣ដង ក្នុង១ឆ្នាំ ដោយក្នុងនោះ មាននៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណី ជាតិខ្មែរ, បុណ្យពិសាខបូជា និងពិធីបុណ្យអុំទូក ។
ដោយឡែក ក្រោយកិច្ចប្រជុំ របស់គណៈកម្មការជាតិ ដើម្បីពិនិត្យ បញ្ជី ស្នើសុំបន្ធូរបន្ថយទោស និងលើកលែង ទោស ដល់ ទណ្ឌិត ក្នុងឱកាសពិធីបុណ្យពិសាខបូជា ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ បានប្រគល់នូវជែលលាងសំអាតដៃជូនដល់ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចាត់ចែងប្រគល់ជូនទៅតាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែសម្រាប់ប្រើប្រាស់៕