ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ ចំនួន ១៦៩គ្រួសារ នៃស្រុកសាលាក្រៅ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន

អត្ថបទដោយ៖
Kien Sereyvuth

ប៉ៃលិន៖ លោកជំទាវបណ្ឌិត បាន ស្រីមុំ តំណាងរាស្រ្តមណ្ឌលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ បានដឹកនាំសមាជិក សមាជិកាគណៈកម្មាធិការសាខាខេត្ត អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ព្រមទាំងមានការចូលរួមពីអាជ្ញាធរស្រុក ឃុំ ភូមិ និងយុវជន ស.ស.យ.ក. ខេត្ត អញ្ជើញជួបសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ផ្តល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ១៦៩គ្រួសារ ក្នុងឃុំទាំង៤ នៃស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលរងគ្រោះដោយខ្យល់កន្ត្រាក់កាលពីរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ កន្លងមក។

ក្នុងឱកាសនោះលោកជំទាវ បាននាំបណ្តាំផ្ញើសួរសុខទុក្ខដោយក្តីនឹករលឹក ពីសំណាក់សម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់គ្រួសាររងគ្រោះទាំងអស់ ដោយសម្ដេចសូមចូលរួមសោកស្ដាយជាពន់ពេកចំពោះការខូចខាតផ្ទះសំបែង ទ្រព្យសម្បត្តិរបស់បងប្អូនគ្រួសាររងគ្រោះនាពេលនេះទាំងអស់។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ ក៏បានអំពាវនាវចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តប៉ៃលិន សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ពីសុខសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ចៀសវាងជួបគ្រោះថ្នាក់ពីគ្រោះធម្មជាតិជាយថាហេតុ ព្រោះថាព្រះរាជាណាចក្រកម្ពុជាទទួលរងនូវឥទ្ធិពលអាកាសធាតុក្តៅខ្លាំងមួយរយៈពេលនេះ គឺនៅពេលមានភ្លៀងធ្លាក់ម្ដងៗអាចលាយឡំទៅដោយខ្យល់កន្ត្រាក់ ផ្គររន្ទះដែលអាចបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋយើង។

ម្យ៉ាងទៀតលោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ សូមកុំឱ្យប្រជាពលរដ្ឋយើងមានការធ្វេសប្រហេសពីជំងឺរាតត្បាតកូវីដ១៩ ដោយមួយរយៈនេះនៅក្នុងប្រទេសកម្ពុជាយើងសង្កេតឃើញថា មិនមានករណីឆ្លងថ្មី និងបានព្យាបាលអ្នកជំងឺកូវីដជាសះស្បើយឡើងវិញជាច្រើនអ្នករហូតគិតត្រឹមថ្ងៃទី២៦ ខែមេសានេះ អ្នកជំងឺកូវីដនៅក្នុងប្រទេសកម្ពុជានៅសល់តែ ៥នាក់ប៉ុណ្ណោះ គឺបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តរស់នៅមានការប្រុងប្រយ័ត្នខ្ពស់ពីសុខមាលភាពខ្លួនឯង និងក្រុមគ្រួសារ ការរស់នៅត្រូវមានអនាម័យ រស់នៅស្អាត ស្តាប់ការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមអនុវត្តវិធានការចាំបាច់នានារបស់រាជរដ្ឋាភិបាល ហើយបើគ្មានការចាំបាច់សូមស្នាក់នៅក្នុងផ្ទះ ហាមមានការជួបជុំប្រមូលផ្តុំគ្នា រក្សាគំលាតពីគ្នា២ម៉ែត្រ រាល់ពេលជួបសន្ទរនាគ្នា ចំអិតនិងបរិភោគអាហារដែលឆ្អិនល្អ ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលចំណូលស្រុកសូមស្នាក់នៅដាច់ដោយឡែកពីបងប្អូនមិត្តភ័ក្រ្តរយៈពេល ១៤ថ្ងៃសិន ក្នុងករណីបងប្អូនមានអាការៈដូចជាផ្តាសាយ មានកំដៅចាប់ពី ៣៧.៥អង្សា ក្អកស្ងួត ហៀសំបោរ ពិបាកដកដង្ហើម សូមប្រញ៉ាប់ទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកនៅជិតបំផុត ឬហៅទៅកាន់លេខ១១៥ ឬរាយការណ៍ជូនអាជ្ញាធរ ភូមិ ឃុំដែលនៅកៀក និងជាប់ផ្ទាល់ជាមួយបងប្អូន ដើម្បីបានបញ្ជូនបងប្អូនទៅពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ។

ដូច្នេះហើយយើងទាំងអស់គ្នាត្រូវចូលរួមប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា ធ្វើយ៉ាងណាកុំឱ្យជំងឺនេះមានការរីករាលដាលដល់សហគមន៍មូលដ្ឋានរបស់យើង។ លោកជំទាវបន្តថាក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឆ្លៀសវៃ និងគិតគូរវែងឆ្ងាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺមិនទុកឲ្យប្រជាពលរដ្ឋរូបណាម្នាក់នៅឯកោឡើយ ដោយរាជរដ្ឋាភិបាលបានខិតខំស្វែងរកដៃគូអភិវឌ្ឍន៍មកចូលរួម កសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានការរីកចម្រើន បន្តថែមទៀត ទុកជូនកូនចៅជំនាន់ក្រោយរស់នៅដោយសុខក្សេមក្សាន្ត។

អំណោយនាពេលនេះរួមមាន៖ គ្រឿងឧបភោគ បរិភោគ សម្ភារប្រើប្រាស់ សង្កសី និងថវិកាមួយចំនួន សម្រាប់សម្រាលការលំបាក ហើយចំពោះគ្រួសាររងគ្រោះធ្ងន់ធ្ងរដែលមានជីវភាពខ្វះខាត ចាស់ជរាគ្មានទីពឹង លោកជំទាវដឹកនាំក្រុមការងារយុវជនកាកបាទក្រហមកម្ពុជា និងស.ស.យ.ក. ខេត្ត និងមូលដ្ឋាន សហការជាមួយអាជ្ញាធរស្រុក ភូមិ ឃុំជួយជួសជុល និងសង់លំនៅដ្ឋានជូនឡើងវិញផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner