ឯកឧត្តម ស៊ុយ សាន៖ ប្រធានមន្ទីរសាធារណៈការខេត្តរតនគិរីថ្មី ត្រូវបន្តខិតខំបម្រើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ ស្របតាមប្រសាសន៍ និងចក្ខុវិស័យដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តរតនគិរី៖ ប្រសាសន៍ក្រើនរំលឹករបស់រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុយ សាន បានធ្វើឡើងក្នុងគ្រាដែលលោក បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីប្រកាសចូលកាន់មុខតំណែង ប្រធានថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ នេះ។ ពិធីនោះទៀត ក៏មានការអញ្ជើញចូលរួមពីសំណាក់ប្រតិភូក្រសួង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី លោក ណាប់ ប៊ុនហេង អភិបាលខេត្តរតនគិរី លោក ថង សាវុន ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពពាក់ព័ន្ធ និងមន្ត្រីរាជការ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ប្រមាណជា ១០០នាក់ ផងទៀត។

យោងតាមសេចក្តីសម្រេច របស់រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានសម្រេចប្រគល់តួនាទី និងភារកិច្ច ដល់អតីតអនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន ចូលកាន់មុខតំណែងជាប្រធានថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ជំនួសលោក ស៊ុន ប៉ូលីន អតីតប្រធានមន្ទីរសាធារណការខេត្ត ដែលត្រូវផ្លាស់ទៅកាន់តួនាទីថ្មី នៅទីស្តីការក្រសួង។

អភិបាលខេត្តរតនគិរី លោក ថង សាវុន បានមានប្រសាសន៍ថា ការផ្លាស់ប្ដូរ ឬ ការផ្ទេរភារកិច្ច គឺធ្វើឡើងប្រៀបដូចជាការបណ្ដុះវប្បធម៌ ដើម្បីចែករំលែកបទពិសោធន៍ការងារ សាបព្រោះពហុជំនាញដល់មន្ត្រី បង្កើតគំនិតផ្ដួចផ្ដើមថ្មី ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការល្អ សំដៅពង្រីកចំណេះដឹង និងចំណេះធ្វើអោយបានទូលំទូលាយ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសមត្ថភាព វិជ្ជាជីវៈ ដល់មន្ត្រីរាជការ និងចក្ខុវិស័យរបស់រដ្ឋបាលខេត្ត ដោយចង់ឃើញមន្ត្រីទាំងអស់ មានពហុជំនាញ ទាំងជំនាញបច្ចេកទេស ជំនាញភាពជាអ្នកដឹកនាំ ព្រោះអ្នកទាំងនោះ គឺជាទំពាំស្នងឬស្សី នាពេលអនាគត។

រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនឯកឧត្តម ស៊ុយ សាន បានមានប្រសាសន៍ថា វិស័យសាធារណការ និងដឹកជញ្ជូន គឺជាវិស័យមួយ ដែលដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ និងអភិវឌ្ឍសេដ្ឋកិច្ច អោយមានភាពរឹងមាំ និងមាននិរន្តរភាព។ លោកថា ប្រសិនបើគ្មានហេដ្ឋារចនាសម្ព័ន្ធរឹងមាំ នៅគ្រប់ច្រកល្ហក ប្រទាក់ក្រឡាគ្នាដូចសរសៃរឈាម តភ្ជាប់ពីតំបន់មួយ ទៅតំបន់មួយទៀតនោះទេ ក៏គ្មានការអភិវឌ្ឍនោះដែរ។ ជាក់ស្ដែង ខេត្តរតនគិរី ជាខេត្តមួយ ដែលប្រកបទៅដោយសក្ដានុពល អាចពង្រីកវិសាលភាពរបស់ខ្លួន មិនត្រឹមតែជាខេត្ត អេកូទេសចរណ៍ ប៉ុណ្ណោះទេ ថែមទាំងជាខេត្តបោះជំហាន ទៅជាខេត្តមានឧស្សាហកម្ម ពាណិជ្ជកម្ម ដ៏មានសន្ទុះរីកចម្រើន គួរអោយគត់សម្គាល់។

លោករដ្ឋលេខាធិការក្រសួង បានមានប្រសាសន៍ក្រើនរំលឹក ដល់ប្រធានថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន ត្រូវខិតខំបំពេញការងារ អោយអស់ពីកម្លាំងកាយចិត្ត ដើម្បីបន្តដឹកនាំ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អោយមានការរីកចម្រើនថែមទៀត ស្របតាមភាពរីកចម្រើនរបស់ខេត្តរតនគិរី។ លោករដ្ឋលេខាធិការក្រសួង បានជម្រុញ លោក សាយ សាមាន ត្រូវខិតខំបំរើសេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ប្រកបដោយភាពកក់ក្ដៅ ស្របតាមប្រសាសន៍ណែនាំ ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺធ្វើអោយបានលឿន ធ្វើអោយមានប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីបន្តដឹកនាំមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត អោយមានការរីកចំរើន ត្រូវសហការសាមគ្គី ឯកភាពផ្ទៃក្នុងជាធ្លុងមួយ និងរឹងមាំ ពង្រីក និងពង្រឹងទំនាក់ទំនងល្អជាមួយថ្នាក់ដឹកនាំមន្ទីរជុំវិញខេត្ត ជាពិសេស ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ អោយបានល្អប្រសើរ។

ប្រធានថ្មី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី លោក សាយ សាមាន បានប្ដេជ្ញាចិត្តថា នឹងគោរពតាមច្បាប់រដ្ឋធម្មនុញ្ញ បទប្បញ្ញតិ និងគោលការណ៍នានារបស់ ព្រះរាជាណាចក្រកម្ពុជា អនុវត្តតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល រឹតចំណងសាមគ្គីផ្ទៃក្នុង និងសហការជាមួយមន្ទីរជុំវិញខេត្ត និងអាជ្ញាធរដែនដី ជាពិសេស អនុវត្តអោយបានជាដាច់ខាត នូវអនុសាសន៍ទាំង១១ចំណុច របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សំដៅលើកកម្ពស់ប្រសិទ្ធភាព គុណភាពការងារ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ប្រកបដោយមានការរីកចំរើន និងអភិវឌ្ឍ ថែមមួយកម្រិតទៀត៕  ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner