លោក ដូណាល់ ត្រាំ ទម្លាក់កំហុសជាថ្មីលើចិន ជុំវិញការផ្ទុះវីរុស COVID-19 និងថា សហរដ្ឋអាម៉េរិកកំពុងស៊ើបអង្កេតបញ្ហានេះ

អត្ថបទដោយ៖
Kien Sereyvuth

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ នៅថ្ងៃច័ន្ទនេះ បាននិយាយថា ចិនអាចបញ្ឈប់វីរុសនេះ កុំឲ្យឆ្លងរាលដាលពាលពេញពិភពលោកបាន ប៉ុន្តែចិនមិនធ្វើ ហើយថា រដ្ឋបាលរបស់លោកកំពុងដឹកនាំការស៊ើបអង្កេត ចំពោះអ្វីដែលបានកើតឡើងនេះ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។

ស្របពេលជាមួយគ្នានោះដែរ ប្រធានាធិបតីអាម៉េរិករូបនេះ ថែមទាំងបានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលរបស់លោកអាចនឹងទាមទារសំណងការខូចខាតពីប្រទេសចិនទៀតផង។ ការរិះគន់ចុងក្រោយនេះរបស់លោក ដូណាល់ ត្រាំ ធ្វើឡើងដើម្បីទម្លាក់កំហុសលើរដ្ឋាភិបាលទីក្រុងប៉េកាំង ដើម្បីដោះស្រាយបញ្ហាជម្ងឺ COVID-19 ដែលបានចាប់ផ្តើមផ្ទុះឡើងកាលពីចុងឆ្នាំ២០១៩ ក្នុងទីក្រុងវូហាន ប្រទេសចិន ហើយបានបន្តរីករាលដាលនៅទូទាំងពិភពលោក ។

សូមបញ្ជាក់ថា នៅទូទាំងសហរដ្ឋអាម៉េរិក ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១លាន១ម៉ឺន៥០៧នាក់ ក្នុងនោះមានអ្នកជម្ងឺ៥ម៉ឺន៦ពាន់៨០៣នាក់ស្លាប់ និងជាសះស្បើយវិញសរុប១៣ម៉ឺន៩ពាន់១៦២នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner