ប្រធានាធិបតីតួកគីប្រកាសពីផែនការបន្ធួរបន្ថយការរឹតត្បិត ដើម្បីទប់ស្កាត់ការរាលដាលនៃជម្ងឺ COVID-19

អត្ថបទដោយ៖
Kien Sereyvuth

តួកគី៖ ប្រធានាធិបតីតួកគីលោក រ៉េសេប តាយយីប អឺដូហ្គាន់ នៅថ្ងៃច័ន្ទនេះ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកមានផែនការបន្ធូរបន្ថយការរឹតត្បិតដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគ COVID-19 ប៉ុន្តែព្រមានថា ការរឹតត្បិតភាគច្រើននឹងបន្តរហូតដល់ចប់ពិធីបុណ្យបួសរ៉ាម៉ាដន នេះបើតាមសារព័ត៌មាន CGTN នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។

ការអត្ថាធិប្បាយខាងលើរបស់ប្រធានាធិបតីតួកគីរូបនេះ ធ្វើឡើងតាមរយៈកញ្ចក់ទូរទស្សន៍ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីមួយ ចំពេលមានការថយចុះចំនួនករណីឆ្លងនៃវីរុស COVID-19 ប្រចាំថ្ងៃ ។ នាឱកាសនោះដែរ លោក អឺដូហ្គាន់ ថែមទាំងប្រកាសនឹងបញ្ជូនគ្រឿងបរិក្ខាវេជ្ជសាស្រ្តទៅអោយសហរដ្ឋអាម៉េរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតសកលមួយនេះ ។ លោកបន្ថែមថា យន្តហោះយោធានឹងដឹកជញ្ជូនម៉ាស់បិទមុខ N-95 វ៉ែនតា និងរបាំងការពារមុខជាដើម ដែលនឹងចាកចេញទៅកាន់សហរដ្ឋអាម៉េរិក នៅក្នុងថ្ងៃ អង្គារ៍ សប្តាហ៍នេះ (ម៉ោងក្នុងតំបន់) ។

សូមជម្រាបថា នៅទូទាំងប្រទេសតួកគី ចំនួនអ្នកឆ្លងមេរោគ COVID-19 សរុបកើនឡើងដល់១១ម៉ឺន២ពាន់២៦១នាក់ ក្នុងនោះមានអ្នកជម្ងឺ២ពាន់៩០០នាក់ស្លាប់ និងជាសះស្បើយវិញសរុប៣ម៉ឺន៣ពាន់៧៩១នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner