ចិនបញ្ជូនគ្រឿងបរិក្ខាធ្វើតេស្តរកវីរុស COVID-19 ដល់កូរ៉េខាងជើង ខណៈរដ្ឋកុម្មុយនីស្តនេះមិនទាន់រាយការណ៍ពីអ្នកឆ្លងទេ
ចិន៖ ចិនបានបញ្ជូនគ្រឿងបរិក្ខាធ្វើតេស្តរកវីរុស COVID-19 ដល់ប្រទេសកូរ៉េខាងជើង ដើម្បីប្រើប្រាស់វាក្នុងករណីចាំបាច់ទៅថ្ងៃអនាគត នេះបើតាមអ្នកនាំពាក្យក្រសួងការបរទេសចិនលោក ហ្គេង សួង ថ្លែងក្នុងសន្និសិទកាសែតខ្លីមួយ និងត្រូវបានចុះផ្សាយដោយសារព័ត៌មានCGTNនៅល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។
អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះបានបន្ថែមទៀតថា ប្រទេសចិននឹងផ្តល់ជំនួយចាំបាច់នានាដល់បណ្តាប្រទេសដែលត្រូវការ ចំពេលមានការរីករាលដាលនៃមេរោគ COVID-19 ខណៈពួកគេកំពុងបន្តការប្រយុទ្ធប្រឆាំងក្នុងស្រុកជាមួយមេរោគរាតត្បាតសកលមួយនេះ ។ ប៉ុន្តែនៅពេលត្រូវបានអ្នកកាសែតសាកសួរ ពីលក្ខខណ្ឌសុខភាពរបស់មេដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នោះ លោក ហ្គេង សួង បានឆ្លើយតបថា ក្រសួងមិនមានព័ត៌មានដើម្បីស្រាយបំភ្លឺនោះទេ ។
សូមជម្រាបថា នៅថ្ងៃចន្ទម្សិលមិញនេះ ចិនបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន០៦ករណីបន្ថែមទៀតនៅទូទាំងប្រទេស ក្នុងចំណោមករណីឆ្លងថ្មីៗនេះមាន០៣ករណីជាករណីនាំចូលពីក្រៅប្រទេស និង ០៣ករណីទៀតជាករណីឆ្លងក្នុងស្រុកផ្ទាល់ ។ ហើយគិតមកទល់នឹងពេលនេះ នៅទូទាំងប្រទេសចិន មានអ្នកឆ្លងសរុបកើនឡើងដល់៨ម៉ឺន២ពាន់៨៣៦នាក់ ក្នុងនោះមានអ្នកជម្ងឺ៤ពាន់៦៣៣នាក់ស្លាប់ និងជាសះស្បើយវិញសរុប៧ម៉ឺន៧ពាន់៥៥៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ៕