សិង្ហបុរីរាយការណ៍ពីអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧៩៩ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់
សិង្ហបុរី៖ សិង្ហបុរីបានរាយការណ៍ពីការរកឃើញអ្នកឆ្លងជម្ងឺ COVID-19 ចំនួន៧៩៩ករណីថ្មីទៀត គិតត្រឹមរសៀលថ្ងៃ ច័ន្ទ ម្សិលមិញ ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងនៅទូទាំងប្រទេសកើនឡើងដល់១ម៉ឺន៤ពាន់៤២៣ករណី នេះបើតាមក្រសួងសុខាភិបាលសិង្ហបុរី MOH និងត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០។
ស្របពេលជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលសង្ហិបុរី MOH ក៏បានប្រកាសពីអ្នកជម្ងឺថ្មីចំនួន០២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយសារតែមេរោគរាត ត្បាតសកលមួយនេះ នាំឱ្យតួលេខសរុបនៃអ្នកជម្ងឺស្លាប់នៅទូទាំងប្រទេសកើនឡើងដល់១៤នាក់ហើយ។ បើតាមក្រសួងសុខាភិបាលសិង្ហបុរី ករណីឆ្លងចំនួន១ពាន់៥៩៥ករណីត្រូវបានធ្វើតេស្តរកឃើញកាលពីថ្ងៃ០៨ ខែមេសា ខណៈ៩ពាន់៦៨២ករណីទៀតធ្វើតេស្តរកឃើញវិជ្ជមានកាលពីថ្ងៃ២០ ខែមេសា មកនេះ។
សូមបញ្ជាក់ថា នៅទូទាំងប្រទេសសិង្ហបុរី ចំនួនអ្នកឆ្លងជម្ងឺ COVID-19 សរុបកើនឡើងដល់១ម៉ឺន៤ពាន់៤២៣នាក់ ក្នុងនោះមានអ្នកជម្ងឺ១៤នាក់ស្លាប់ និងជាសះស្បើយវិញសរុប១ពាន់៩៥នាក់ នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០៕