ថៃរកឃើញអ្នកផ្ទុកមេរោគ COVID-19 ចំនួន០៧ករណីថ្មីទៀត ខណៈអ្នកជម្ងឺ០២នាក់បន្ថែមទៀតស្លាប់
ថៃ៖ ថៃនៅថ្ងៃអង្គារ៍នេះបានរាយការណ៍ពីករណីឆ្លងថ្មីចំនួន០៧ករណីទៀត និងអ្នកជម្ងឺ០២នាក់បន្ថែមទៀតបានបាត់បង់ជីវិត ធ្វើឱ្យតួលេខសរុបនៃអ្នកឆ្លងជម្ងឺ COVID-19 នៅទូទាំងប្រទេសកើនឡើងដល់២ពាន់៩៣៨ករណី ខណៈអ្នកជម្ងឺស្លាប់សរុបកើនឡើងដល់៥៤នាក់ នេះបើតាមសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ ។
ក្នុងចំណោមករណីឆ្លងថ្មីទាំង០៧ខាងលើនេះ មាន០៥ករណីមានជាប់ពាក់ព័ន្ធនឹងករណីឆ្លងមុនៗ ចំនែកឯម្នាក់ទៀតមិនទាន់ដឹងច្បាស់នៅឡើយ ស្របពេលដែលករណីផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត នេះបើតាមអ្នកនាំពាក្យមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងការរីករាលដាលនៃមេរោគ COVID-19 ហៅកាត់ថា CCSA លោក Taweesilp Visanuyothin ។
បើតាមអ្នកនាំពាក្យមជ្ឈមណ្ឌល CCSA ដដែលនេះ ប្រទេសថៃនឹងត្រូវបន្តស្ថិតក្នុងគ្រាមានអាសន្នរយៈពេល០១ខែបន្ថែមទៀត ពោលគឺរហូតដល់ដំណាច់ខែឧសភាខាងមុខ ដោយសារតែមានការព្រួយបារម្ភថា ជម្ងឺ COVID-19 អាចនឹងត្រឡប់មកវាយប្រហារក្នុងកម្រិតធ្ងន់សាជាថ្មី ខណៈមជ្ឈមណ្ឌលរបស់លោកកំពុងតែបន្តខិតខំព្យាយាមបញ្ឈប់ ការឆ្លងរាលដាលឲ្យអស់ពីលទ្ធភាព៕