ចិនប្រកាសជំហរសារជាថ្មីក្នុងការបន្តជួយគាំទ្រដល់កម្ពុជា ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ការប្រកាសជំហរនោះបានធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទរវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ជាមួយលោកវ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសសួងការបរទេសចិន នៅថ្ងៃទី២៧មេសា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃ២៨មេសានេះ បានឲ្យដឹងថា កិច្ចសន្ទនានោះ បានផ្ដោតទៅលើការរួមកម្លាំងគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្នុងកិច្ចសន្ទនានោះ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរជោគជ័យដែលប្រទេសចិនសម្រេចបានក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ តាមរយៈការធ្វើពលីកម្មខ្លួនឯងដ៏ធំធេង និងការរួមកម្លាំងជាធ្លុងមួយរបស់បក្ស រដ្ឋាភិបាល និងប្រជាជនចិនទាំងមូល ក្នុងការទប់ស្កាត់ការរីករាលដាល និងការព្យាបាលអ្នកជម្ងឺ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានសរសើរ និងថ្លែងអំណរគុណប្រទេសចិនដែលបានបោះដៃជួយដល់ប្រទេសជាច្រើននៅលើលោកតាមរយៈការបញ្ជូនគ្រូពេទ្យ សម្ភារពេទ្យ និងថ្នាំ ចែករំលែកមេរៀន បទពិសោធន៍ ដែលនោះគឺជាការបង្ហាញពីសាមគ្គីភាព និងការទទួលខុសត្រូវជាអន្តរជាតិពិតៗ។ លោកឧបានយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានថ្លែងអំណរគុណចិនដែលបានបញ្ជូនក្រុមគ្រូពេទ្យ និងសម្ភារពេទ្យទាំងខាងស៊ីវីល និងយោធា ជួយផ្គត់ផ្គង់វត្ថុធាតុដើម ដើម្បីឲ្យរោងចក្រនៅកម្ពុជាបន្តដំណើរការ ជួយយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងនិស្សិតខ្មែរនៅប្រទេសចិន ក៏ដូចជាជួយផ្ដល់បទពបិសោធន៍ដល់កងកម្លាំងមួកខៀវកម្ពុជានៅប្រទេសលីបង់ និងម៉ាលី។

ក្នុងកិច្ចសន្ទនានោះ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានរំលឹកពីកិច្ចប្រឹងប្រែងរបស់ប្រទេសចិនទាំងមួលក្នុងការជំនះវិបត្តិ គ្រប់គ្រងវិបត្តិតាមរយៈវិធានការដ៏តឹងរឹងនានា និងគូសបញ្ជាក់ពីតម្រូវការក្នុងការរក្សាការប្រុងប្រយ័ត្នទៅទៀត។ លោកវ៉ាង យី នាមលើកឡើងអំពីស្មារតីជួយគ្នាទៅវិញទៅមករវាងចិន និងកម្ពុជាដោយរំលឹកពីព្រះរាជកិច្ចគាំទ្ររបស់ព្រះមហាក្សត្រកម្ពុជា និងសម្ដេចម៉ែ ក៏ដូចជាការគាំទ្រ ដ៏ពេញទំហឹងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តាមរយៈការបំពេញទស្សនកិច្ចការងារនៅទីក្រុងប៉េកាំងនៅពេលប្រទេសចិនជួបការលំបាកខ្លាំងបំផុត។

លោកវ៉ាងយី បានថ្លែងអំណរគុណកម្ពុជាដែលបានប្រឆាំងនឹងការធ្វើនយោបាយតូបនីយកម្ម និងល្បែងទំលាក់កំហុស ក្នុងពេលដែលត្រូវរួមគ្នាដើម្បីប្រឈមនឹងការគំរាមកំហែងរួមចំពោះមនុស្សជាតិ។ លោកវ៉ាង យី បានចាត់ទុកការដែលកម្ពុជាគាំទ្រកិច្ចប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក WHO គឺជាជំហរមួយដ៏ត្រឹមត្រូវ។ ស្ដីពីទំនាក់ទំនងទ្វរភាគីវិញ លោកវ៉ាង យី បានលើកឡើងថា ឆ្នាំនេះគឺជាខួបទី២០ឆ្នាំ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងកម្ពុជា ហើយប្រទេសទាំង២ នឹងបន្តអនុវត្តន៍កិច្ចព្រមព្រៀងទាំងឡាយដើម្បីជ្រោងទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំង២ ទៅកាន់កំរិតកាន់តែខ្ពស់ថែមទៀត។

លោក  វ៉ាង យី បានលើកឡើងថា អាទិភាពរបស់ប្រទេសចិន គឺបន្តជំរិញកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនានា ជំរិញសេដ្ឋកិច្ចឲ្យងើបឡើងវិញពីវិបត្តិកូវីដ-១៩ ដោយផ្ដោយការយកចិត្តទុកដាក់ លើវិស័យសំខាន់ៗដែលបានព្រមព្រៀងគ្នាកន្លងមក។ លោកវ៉ាង យី បានបញ្ជាក់ជាថ្មីថា ចិននឹងបន្តជួយគាំទ្រកម្ពុជាតទៅទៀត ដើម្បីជំរុញការអភិវឌ្ឍឲ្យកាន់តែខ្លាំងក្លាថែមទៀត។ តបនឹងគំនិតផ្ដួចផ្ដើមរបស់លោក  វ៉ាង យី ក្នុងការជំរុញការពិភាក្សាផ្លាស់ប្ដូរយោបល់រវាងថ្នាក់ដឹកនាំនានាតាមរយៈ video conference លោកឧបានយករដ្ឋមន្ត្រីប្រាក់ សុខុន បានគាំទ្រគំនិតនោះ ហើយបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានបូកបី កាលពីថ្ងៃ១៤មេសា កន្លងទៅ គឺជាបញ្ជាក់យ៉ាងច្បាស់អំពីការប្ដេជ្ញាចិត្តរបស់មេដឹកនាំ ក្នុងការផ្គុំកម្លាំងគ្នា ស្វែងរកចម្លើយរួមប្រឆាំងនឹងជំងឺកូវីដ-១៩។

លោកឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមរបស់ចិន ដែលអំពាវនាវឲ្យមានការឯកភាពគ្នាក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយអះអាងថា ពេលនេះគឺជាពេលវេលាដែលយើងត្រូវរួបរួមគ្នា មិនមែនជាពេលដែលត្រូវបែកគ្នានោះទេ។ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានគាំទ្រការប្រកាន់អភិក្រមបែបវិទ្យាសាស្ត្រដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ គាំទ្រកចិច្ប្រឹងប្រែងរបស់អង្គការសុខភាពពិភពលោក WHO និងគាំទ្រគំនិតថ្លឹងថ្លែងរវាងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាមួយនឹងការអភិវឌ្ឍ។ នៅចុងបញ្ចប់ លោកវ៉ាង យី បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់លោកប្រធានាធិបតីស៊ី ជិនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏ដូចជាលោកផ្ទាល់ជូនសម្ដេចតេជោ ហ៊ុន សសែន នាយករដ្ឋមន្ត្រី ព្រមទាំងរង់ចាំស្វាគមន៍សម្ដេចតេជោទៅទស្សនកិច្ចនៅក្រុង Wuhan ក្រោយវិបត្តិកូវីដ-១៩ចប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner