ចូលរួមការពាររោគជំងឺកូវីដ-១៩សែលកាត អនុវត្តវិធានការណ៍តឹងរ៉ឹងជាងមុនដល់និយោជិក និងអតិថិជនរបស់ខ្លួន

ដោយ​៖​ម៉ា​ដេប៉ូ​
​រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២១​នេះ​ក្រុមហ៊ុន​សែ​ល​កាត បាន​ចូលរួម​គាំទ្រ​យុទ្ធនាការ ៣ ការពារ និង​៣​កុំ របស់​ក្រសួងសុខាភិបាល ដើម្បី​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា និង​ជនបរទេស​ទាំងអស់ បាន​យល់ដឹង​អំពី​សារៈសំខាន់​នៃ​យុទ្ធនាការ​នេះ នៅតាម​ប៉ុស្តិ៍​ទូរទស្សន៍ វិទ្យុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បណ្តាញ​សង្គម​ទាំងអស់ នៅក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​។


​យុទ្ធនាការ​នេះ ជម្រុញ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ អនុវត្ត​នូវ​វិធាន​៣​ការពារ ពោលគឺ​លាងដៃ ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព រួមជាមួយ​នឹង​វិធាន​៣​កុំ គឺ​ត្រូវ​ជៀសវាង​ទៅ​កន្លែង​បិទ​ជិត​គ្មាន​ខ្យល់​ចេញចូល ទៅ​តំបន់​ដែលមាន​មនុស្ស​ច្រើន​កុះករ ឬ​ប៉ះពាល់​គ្នា ដូច​ជាការ​ចាប់ដៃ​ស្វាគ​មន៍​ជាដើម​។​
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យដឹង ថា វា​ពិត​ជាមាន​សារៈសំខាន់​ខ្លាំងណាស់ ដែល​ពលរដ្ឋ​ទាំងអស់​យល់ច្បាស់​នូវ​គោលបំណង​របស់​រាជរ​ដ្ឋា​ភិ​បាល ដើម្បី​ជួយ​បញ្ឈប់​ការរីក​រាលដាល​នៃ​ជម្ងឺឆ្លង​នេះ​នៅក្នុង​ថ្ងៃបុណ្យ​ឈប់សម្រាក​។​
​លោក​បាន​បន្ត​ឱ្យដឹងទៀតថា ជាងនេះទៀត ពួកយើង​បាន​បន្ត​គាំទ្រ​វិធានការ​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល នៅតាម​បណ្តា​ហាង​ទាំងអស់​របស់​សែ​ល​កាត ដោយ​ជម្រុញ​ឱ្យ​អតិថិជន​ទាំងអស់ ប្រើប្រាស់​នូវ​សេវាកម្ម​ឌីជីថល​ដ៏​សម្បូរបែប​ដែល​កំពុង​ដាក់​បម្រើ​ជូន​រួចជាស្រេច​របស់​ពួកយើង ដើម្បី​បញ្ចូល​ទឹកប្រាក់​ទៅក្នុង​ទូរស័ព្ទ​របស់​ពួកគេ​។ យើង​បាន​ផ្តល់ជូន​ការលើកទឹកចិត្ត​បន្ថែម​ដល់​អតិថិជន​ឱ្យប្រើ​ប្រាស់​សេវាកម្ម​ទាំងនេះ ពោលគឺ​អាចជួយ​កាត់បន្ថយ​នូវ​តម្រូវ​ការអញ្ជើញ​មកកាន់​ហាង​ផ្ទាល់​។​
លោក ថា​៖ “​បច្ចុប្បន្ននេះ យើង​មាន​ផ្តល់នូវ​សេវា​ឌីជីថល​ទាំងស្រុង ដើម្បី​ផ្តល់ជូន​អតិថិជន​នូវ​សុខ​សុវត្ថិភាព និង​ភាពងាយស្រួល​ក្នុងការ​ប្រើប្រាស់​។ សម្រាប់​ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ ពួកគាត់​អាច​កុម្ម៉ង់​ទិញ​ស៊ីម​សែ​ល​កាត​បាន​យ៉ាង​ងាយស្រួល​បំផុត តាមរយៈ​កម្មវិធី​ដែល​ផ្តល់​សេវា​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​ផ្ទាល់ ដែល​ក្នុងនោះ​មានដូចជា Wing Mall, Nham 24 និង Smile Shop ជាដើម ហើយ​សេវា​ចុះឈ្មោះ​ដោយ​ខ្លួនឯង​របស់​យើង​ទៀតសោត អនុញ្ញាតឱ្យ​អតិថិជន អាច​ដំណើរការ​ស៊ីម​កាត​របស់​ពួកគេ និង​ចាប់ផ្តើម​ប្រើប្រាស់​គម្រោង​របស់​ពួកយើង ក្នុង​រយៈពេល​ត្រឹមតែ ២០​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​បាន​បញ្ជា​ទិញ​រួច​”​។​
​ជាង​នេះ​លោក​អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បានឱ្យ​ដឹងផង​ថា​តាមរយៈ​ការស្ទង់មតិ​ប្រចាំថ្ងៃ​ដោយ​ការ សាកសួរ​ដល់​បុគ្គលិក​ថា​តើ​ពួកគេ​កំពុងស្ថិត​នៅក្នុង​តំបន់​កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង​ឬ​យ៉ាងណា ដោយ​ក្នុងនោះ ពួកយើង​នឹង​រៀបចំ​នូវ​នីតិវិធី​ស្នាក់នៅ​ដាច់ដោយឡែក​ជូន​ដល់​បុគ្គលិក​ដែល​រស់នៅក្នុង​តំបន់​ទាំងនោះ ដែលជា​លទ្ធផល ពួកយើង​នឹង​អាច​ការពារ​បុគ្គលិក និង​អតិថិជន​ប្រកបដោយ​សុខ​សុវត្ថិ​ភាពល្អ​បំផុត​។​
​លោក វ៉ាត​សុន បាន​បន្ថែម​ឱ្យដឹងទៀតថា ក្រុមហ៊ុន​សែ​ល​កាត នឹងចូលរួម​ជួយ​ធានាថា សារ​នៃ​វិធានការ​សុវត្ថិភាព​របស់​ក្រសួងសុខាភិបាល នឹង​ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅតាម​បណ្តាញ​ផ្សព្វផ្សាយ​ធំៗ ដែល​ក្នុងនោះ​រួមមាន​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ទូទាំងប្រទេស​កម្ពុជា ការចាក់ផ្សាយ​តាម​វិទ្យុ ការបញ្ជូន​ដំណឹង​តាមរយៈ​សារ និង​ប្រព័ន្ធ​បណ្តាញ​សង្គម​ទាំងអស់ រួម​ជាមួយនឹង​ការគាំទ្រ​ពី Influencer និង​សិល្បៈករ​មាន​ទេពកោសល្យ​ជាច្រើនរូប​ទៀត​របស់​សែ​ល​កាត​។​
​លោក​បាន​លើកឡើងថា យុទ្ធនាការ​នេះ​គឺជា​វិធីសាស្ត្រ​មួយ​ក្នុងចំណោម​វិធីសាស្ត្រ​ជាច្រើន​ទៀត ដែល​ក្រុមហ៊ុន​សែ​ល​កាត និង​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប កំពុង​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ​កម្ពុជា​នៅក្នុង​អំឡុង​នៃ​វិបត្តិ​ជម្ងឺ​រាតត្បាត​នេះ​។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ា​គិត​ម៉េង ដែលជា​អគ្គនាយក​ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប និង​លោកជំទាវ ម៉ៅ ចំណាន ក៏បាន​ចូលរួម​ជួយ​បរិច្ចាគ​ថវិកា​ជាច្រើនលើក​នាពេល​ថ្មីៗ​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​រាតត្បាត​នេះ​ផងដែរ​៕


ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner