រដ្ឋបាលខេត្តប៉ៃលិនរៀបចំតុបតែងកែលំអសួនច្បារតាមដងផ្លូវសាធារណ ដើម្បីទាក់ទាញ និង អបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆាប់ៗ ខាងមុខ

លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន លោកស្នងការនគរបាលខេត្ត លោកអភិបាលក្រុង បានដឹកនាំក្រុមការងារចុះពិនិត្យមើលការរៀបចំតុបតែងកែលំអសួនកុមារ និងសួនផ្កា នៅតាមទ្រូងផ្លូវដើម្បីញ៉ាំងទេសភាពក្រុងប៉ៃលិន ឱ្យកាន់តែស្រស់បំព្រងមានសោភ័ណភាពល្អ ដើម្បីទាក់ទាញដួងចិត្តប្រជាពលរដ្ឋ ធ្វើឱ្យមានអារម្មណ៍ភ្លឺថ្លា ប្លែកភ្នែក និងបំបាត់ទុក្ខកង្វល់ ។

ក្នុងឱកាសចុះពិនិត្យមើលទីតាំងកែលំអសួនផ្កាតាមទ្រូងផ្លូវ និងបំពាក់ភ្លើងបំភ្លឺនៅតាមដងផ្លូវសាធារណ: ក្នុងក្រុងប៉ៃលិន លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានណែនាំឱ្យក្រុមការងាររៀបចំតុបតែងកែលំអសួនផ្កាទាំងអស់ ពោលគឺចាប់ពីមុខវត្តរតនសោភ័ណ ហៅវត្តកោងកាង រហូតដល់វិមានឯករាជ្យ បន្តឆ្ពោះទៅទិសខាងលិច ដោយតុបតែងបន្ថែមនូវភ្លើងអគ្គិសនី រៀបជាផ្ការំដួល សម្រាប់បំភ្លឺពេលរាត្រី បញ្ចេញពណ៌លឿងខ្ចី ថែមទាំងបានដាក់តាំងប៉ាណូកាត់ទទឹងផ្លូវជាតិលេខ៥៧ មានសរសេរជាអក្សរអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ផងដែរ ។

បើទោះបីជាស្ថានភាព នៃការរីករាលដាលជំងឺកូវីដ ១៩ ក្នុងប្រទេសកម្ពុជា កំពុងតែឆ្លងរីករាលដាលខ្លាំងគួរឱ្យកត់សម្គាល់ ក៏រដ្ឋបាលខេត្តប៉ៃលិន ដែលដឹកនាំដោយ លោកស្រី បាន ស្រីមុំ អភិបាលខេត្ត បានខិតខំកែលំអ ហេដ្ឋារចនាសព័ន្ធរូបវ័ន្តនានា ក្នុងក្រុងអោយកាន់តែល្អប្រសើរឡើងថែមទៀត ។

លោកស្រី អភិបាលខេត្ត ក៏បានណែនាំឱ្យប្រជាពលរដ្ឋ ដែល មកលេងកំសាន្តនៅតាមសួនច្បារ និងអាជីវករលក់ដូរនាពេលយប់ បន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល (៣ការពារ ៣កុំ) ហើយត្រូវធ្វើតាមសារាចរណ៍ណែនាំ របស់ក្រសួងសុខាភិបាល ដោយប្រុងប្រយ័ត្នជាប់ជានិច្ច គឺត្រូវលាងដៃនឹងសាប៊ូ អាល់កុល ឬជែល ឱ្យបានញឹកញាប់ និង ត្រូវមានគម្លាតសុវត្ថិភាព ជាពិសេសត្រូវពាក់ម៉ាសការពារ ពេលធ្វើដំណើរតាមដងផ្លូវ ឬចេញពីផ្ទះទៅកន្លែងផ្សេងទៀត ដើម្បីជៀសវាងការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ។

សូមបញ្ជាក់ថា ៖ ពេលនេះ រដ្ឋបាលខេត្តប៉ៃលិន កំពុងតែមមាញឹក ក្នុងការរៀបចំតុបតែងកែលំអសួនផ្កា ផ្លូវសារធារណ: ជាពិសេសរចនាភ្លើងអគ្គិសនីធ្វើជាផ្កាភ្ញី បញ្ចេញសម្រស់ ស្រស់ស្អាតនៅពេលរាត្រី នៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់ ដើម្បីទទួលទេវតាឆ្នាំថ្មី ឱ្យប្រទានពរជ័យ សិរីសួស្តី សុភមង្គល ដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជួបតែសេចក្តីសុខក្សេមក្សាន្ត ឈ្នះអស់ជំងឺរោគាផ្សេងៗ ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner