អាជីវករមមាញឹកក្នុងការលក់ដូរ ខណៈសល់តែ១ថ្ងៃទៀត ចូលដល់បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ប្រជាពលរដ្ឋនាំគ្នាសម្រុកទិញឥវ៉ាន់ច្រើន

ចាប់តាំងពីព្រឹកព្រលឹម រហូតមកដល់វេលាម៉ោង១០ ព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ទៅហើយ គេនៅតែសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នាំគ្នាសម្រុកទិញនំចំណី ទៀន ធូប និង គ្រឿងសម្ភារៈសម្រាប់ សែនព្រេន ថ្វាយទេវតាឆ្នាំថ្មី ជាដើម នៅក្នុងផ្សារសាមគ្គីហៅប៉ាហ៊ី ក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

បើតាមការរៀបរាប់ពីស្រ្តី ជាអាជីវករលក់ ដូរក្នុងផ្សារប៉ាហ៊ី បានឱ្យដឹងដូចៗ គ្នាថា ៖ ឈានចូលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ មិនដឹងជាប្រជាពលរដ្ឋមកពីកន្លែងណាខ្លះទេ គឺនាំគ្នាសម្រុកទិញរបស់របរ នំ ចំណី ត្រី សាច់ ច្រើនគួរឱ្យកត់សម្គាល់ ស្ទើរតែរកផ្លូវជិះម៉ូតូ ឬ បើកបររថយន្តចូលផ្សារមិនកើតនោះឡើយ ។ ដូច្នេះការលក់ដូររបស់ពួកគាត់ គឺដាច់ខ្លាំង ត្រឹមតែ១ថ្ងៃនេះ ដោយរកពេលលក់សឹងតែមិនទាន់អតិថិជនចូលទិញនោះឡើយ ។

ពួកគាត់ពិតជាសប្បាយរីករាយក្នុងការលក់ដូរ ទោះបីជាសល់រយ:ពេលតែ១ថ្ងៃទៀត ត្រូវបិទតូប ដើម្បីឈប់សម្រាក ចូលរួមអបអរសាទរបុណ្យចូលឆ្នាំខ្មែរ ក៏ពេលនេះ ពួកគាត់ខិតខំប្រឹងប្រែង ញាប់ដៃញាប់ជើង ដើម្បីលក់យកថវិកា ដែលភ្ញៀវសម្រុកទិញឥវ៉ាន់របស់ខ្លួន ។ ប៉ុន្តែមនុស្សច្រើនប្លែកមុខ ចូលទិញសម្ភារក្នុងផ្សារ ពួកគាត់ក៏មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហា ជំងឺកូវីដ ១៩ ដោយលាងដៃ នឹងអាល់កុលជាញឹកញាប់ ព្រមទាំងពាក់ម៉ាស ការពារកុំឱ្យមានការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវមួយនេះ ។

ចំណែកប្រជាពលរដ្ឋម្នាក់ ឈ្មោះ វែង ភេទប្រុស អាយុ៧០ឆ្នាំ ដែលចូលទិញទំនិញបានឱ្យដឹងដែរថា ៖ គាត់បានចូលផ្សារទិញ នំ ផ្លែឈើ ទៀន ធូប ផ្កា និង គោមដុតបំភ្លឺពេលយប់ យកទៅសែនថ្វាយ ទទួលទេវតាឆ្នាំថ្មី ។ គាត់បន្តទៀតថា ទោះបីជានៅឆ្នាំនេះ មានការព្រួយបារម្ភពីបញ្ហាជំងឺឆ្លង ក៏ពួកគាត់ នាំគ្នាជួបជុំក្រុមគ្រួសារ ទទួលទានអាហារជាមួយគ្នាជាលក្ខណ:តិចតួច មិនហ៊ាន ជុំគ្នាច្រើននោះទេ ។

លើសពីនេះ កូនចៅរបស់គាត់ មិនបានមកលេងនោះដែរ ដោយគេគ្រាន់តែវេរលុយ សម្រាប់ចូលឆ្នាំ ហើយគាត់ក៏ទិញសម្ភារ យកទៅធ្វើដាក់ថ្វាយទេវតាឆ្នាំថ្មី ដែលនឹងយាងចុះ ដើម្បីប្រទានពរជ័យ សិរីមង្គល ដល់ក្រុមគ្រួសាររបស់ខ្លួន ឱ្យរកស៊ីមានបាន ត្រជាក់ត្រជុំ និងមានសុខភាពល្អ កម្លាំងមាំមួន រស់នៅបន្តទៀត ។ តែអ្វីដែលគាត់ប្រយ័ត្នបំផុតនោះគឺ ពេលមកផ្សារ តែងតែពាក់ម៉ាស លាងដៃនឹងអាល់កុល ជែល ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ ១៩ចូលសហគមន៍ ក្នុងខេត្តប៉ៃលិន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner