សម្ដេចតេជោ ហ៊ុន សែន អរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរ មិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការនៅវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ដែលជាពេលទទួលទេវតាឆ្នាំថ្មី នៃពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងនូវការអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរ មិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចដូច្នេះថា៖ រីករាយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ១៤-១៦ មេសា ២០២១!

អស់រយៈពេល២ឆ្នាំហើយ ដែលកម្ពុជាយើងបានប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីនៅតាមផ្ទះរៀងៗខ្លួន ដោយសារតែការរីករាលដាលនៃជម្ងឺកូវីដ១៩។ ទោះបីយើងមិនបានធ្វើពិធីបុណ្យជួបជុំគ្នាច្រើនអ៊ូអរនៅខាងក្រៅ ក៏យើងនៅតែគោរពទៅតាមប្រពៃណីទំនៀមទម្លាប់ជាតិ ប៉ុន្តែនៅពេលនេះគឺធ្វើទៅតាមគន្លងបែបថ្មីមួយរយៈដើម្បីចៀសផុតពីជំងឺឆ្លងកូវីដ១៩។

សម្ដេចបន្តថា សូមបងប្អូនជនរួមជាតិប្រុងប្រយ័ត្នធូបទៀនដុតនៅក្នុងផ្ទះចៀសវាងអគ្គីភ័យជាយថាហេតុណាមួយដោយសារមិនបានប្រុងប្រយ័ត្នជាមុន។ សូមបងប្អូនបន្តអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ ឲ្យបានខ្ជាប់ខ្ជួនជានិច្ច។

ជាមួយគ្នានេះ សម្ដេចតេជោ ក៏សូមអរគុណបងប្អូនជនរួមជាតិដែលបានយោគយល់ដល់ការដាក់បម្រាមគោចរមិនអោយធ្វើដំណើរឆ្លងកាត់ខេត្តជាបណ្តោះអាសន្នមួយរយៈពេលខ្លី ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

សម្ដេចតេជោ ហ៊ុន សែន បានសូមឱ្យបងប្អូនជនរួមជាតិ កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់ ហើយត្រូតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចឹល ឬទឹកអាល់កុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតឱ្យឆ្ងាយពីគ្នាយ៉ាងហោចណាស់១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័ក គឺត្រូវធ្វើឱ្យបានត្រឹមត្រូវហ្មត់ចត់បំផុត។

នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃនេះ សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ព្រមទាំងមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅតាមព្រំដែនមានសុខភាពល្អ ចៀសផុតពីជំងឺកូវី-១៩ ព្រមទាំងពរ៥ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕ ដោយ វណ្ណលុក

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner